ព័ត៌មានទាន់ហេតុការណ៍៖

តុលាការចោទប្រកាន់គ្រូជនជាតិបរទេសនៅសាលាអន្តរជាតិ GOLDEN BRIDGE ពីបទប្រទូស្តកេរ្តិ៍ខ្មាសមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ៖ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នេះ សម្រេចចោទប្រកាន់គ្រូបរទេសម្នាក់ដែលបង្រៀននៅសាលាអន្តរជាតិ GOLDEN BRIDGE ពីបទប្រទូស្តកេរ្តិ៍ខ្មាសមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២៤៦និងមាត្រា២៤៨នៃក្រមព្រហ្មទណ្ឌ ។

មន្ត្រីតុលាការ ថ្លែងថា បច្ចុប្បន្នជនត្រូវចោទនិងសំណុំរឿងត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ។ នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរនឹងសម្រេចឃុំខ្លួនឬមិនឃុំខ្លួនជនត្រូវចោទ ។

បទល្មើសប្រទូស្តកេរ្តិ៍ខ្មាសមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។

ជាមួយគ្នានេះ សារព័ត៌មានដ៏ល្បីរបស់អង់គ្លេស Daily Mail ក៏បានចេញផ្សាយថែមទាំងបង្ហាញរូបថតរបស់ជនបរទេសរូបនេះផងដែរ។

សូមបញ្ជាក់ថា កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ បានចុះទៅឃាត់ខ្លួនបុរសជនជាតិបរទេសម្នាក់ អាចជាជនជាតិអង់គ្លេស ដែលបង្រៀននៅសាលាអន្ដរជាតិ GOLDEN BRIDGE International School ស្ថិតនៅសាខាខណ្ឌទួលគោក បន្ទាប់ពីបែកធ្លាយរឿងអាស្រូវជនបរទេសរូបនេះ បាននាំក្មេងស្រីជាសិស្ស សាលាអាយុទើប៥ឆ្នាំ នាំទៅរួមភេទដល់ផ្ទះ។

មន្ដ្រីនគរបាលបានប្រាប់ថា ជនសង្ស័យត្រូវបានចាប់ខ្លូន ខណៈពេលចេញពីសាលារៀន ហើយជនបរទេសរូបនេះមានឈ្មោះ Mark Andrew Smith។

ការចុះទៅឃាត់ខ្លួនបុរសជនជាតិបរទេសរូបនេះ បន្ទាប់ពីធ្លាយព័ត៌មាន និងបានបង្ហោះចែកចាយនៅលើបណ្ដាញសង្គម Facebook របស់ស្ដ្រីវ័យចំណាស់ម្នាក់ មានគណនីឈ្មោះ «Vriya MC» ដែលបានរៀបរាប់ពីហេតុការណ៍មួយនេះ បន្ទាប់ពីឪពុកម្ដាយក្មេងស្រីរងគ្រោះបានប្រាប់ទៅស្ដ្រីរូបនេះ ប៉ុន្ដែពួកគេមិនហ៊ានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច គ្រាន់តែបានទៅជួបជាមួយនាយកសាលាដែលជាជនជាតិខ្មែរ ដើម្បីធ្វើការដោះស្រាយប៉ុណ្ណោះ៕ចេស្តា


ចែករំលែក៖