ខេត្តកំពង់ធំ៖ ផ្លូវលំ១ខ្សែ ដែលលាតសន្ធឹងតាមបណ្ដោយស្ទឹងស្ទោង កំពុងតែរងការខូចខាតបែកភក់ធ្វើឲ្យប្រជាពលរដ្នពិបាកក្នុងការធ្វើដំណើរ ទៅ មក ដោយសារតែផ្លូវនេះជាផ្លូវសេដ្នកិច្ច ការធ្វើចរាចរណ៍ច្រើន ធ្វើឲ្យផ្លូវនេះងាយនឹងខូចខាតយ៉ាងខ្លាំង ដែលអាជ្ញាធរស្រុកស្ទោងគួរយកចិត្តទុកដាក់ជួលជុលសម្រួល ផ្លូវលំមួយខ្សែនេះជូនប្រជាពលរដ្ឋផង។
លោក សៀងម៉ាប់ អភិបាលស្រុកស្ទោង បានឲ្យដឹងថា ខាងអាជ្ញាធរកំពុងតែរៀបគំរោង ជាជំហានទី២ ដើម្បីជួលជុលផ្លូវនេះឲ្យមានគុណភាពឡើងវិញ បន្ទាប់ពីបានដាក់គ្រឿងចក្រឈូសឆាយទឹកដក់ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទីប្រជុំជនក្នុងស្រុកស្ទោង ដើម្បីរំដោះទឹកដក់ទាំងនោះឲ្យអស់នៅតាមផ្លូវថ្នល់ ឲ្យបានស្អាត មានអនាម័យ និងបរិស្ថានល្អ រួចមក អាជ្ញាធរនឹងបន្ដឈូសឆាយកែលម្អផ្លូវលំនេះទៀតដូច្នេះសុំឲ្យពលរដ្នដែលរស់នៅជាប់នឹងផ្លូវនេះរង់ចាំ ពេលបន្ដិចទៀតមិនយូរនោះទេ៕ ប៊ុន រិទ្ធី