ព័ត៌មានទាន់ហេតុការណ៍៖

មេឈ្មួញឈើដុះស្លែឈ្មោះទូច ប្រពន្ធឈ្មោះណាត ដឹកជញ្ជូន ឈើប្រណីត ចេញពីស្រុកវើនសៃមកកាន់ក្រុងបាលុង យ៉ាងអនាធិបតេយ្យគ្មានការបង្ក្រាប

ចែករំលែក៖

ខេត្តរតនគីរីៈ សេចក្តីរាយការណ៍បានឱ្យដឹងថា មេឈ្មួញដុះស្លែឈ្មោះ ទូច ប្រពន្ធឈ្មោះ ណាត មានទីលំនៅក្នុងក្រុងបាលុង នៅតែបន្ដដឹកជញ្ជូនឈើប្រណីតតាមរថយន្តវីហ្គោ និងរថយន្ដកែឆ្នៃចេញពីស្រុកវើនសៃ ចូលមកកាន់ទីតាំងស្តុកឈើរបស់ខ្លួន ក្នុងក្រុងបាលុងបានយ៉ាងរលូនទាំងថ្ងៃទាំងយប់ គ្មានសមត្ថកិច្ចជំនាញខាងណាបង្ក្រាបឡើយ។

ប្រភពបានប្រាប់ឲ្យដឹងបន្ថែមថា បទល្មើសព្រៃឈើ មួយរយះនេះនៅខេត្តរតនគីរី ហាក់មានសភាពស្ងប់ស្ងាត់ ចាប់តាំងពីមេឈ្មួញឈើនិងសមត្ថកិច្ច រៀបអន្ទាក់ចាប់អ្នកកាសែតដាក់ពន្ធនាគារនាពេលកន្លងមក ប៉ុន្តែសកម្មភាពដឹកជញ្ជូនឈើរបស់ថៅកែរឈ្មោះទូច ម្នាក់នេះ នៅតែបន្តដឹកចេញពីស្រុកវឿនសៃ ចូលក្រុងបាលុងបានដោយរលូន សមត្ថកិច្ចនៅតាមដងផ្លូវជាច្រើនកន្លែងត្រូវថ្នាំសណ្ដំ មើលមិនឃើញ បណ្ដាលឲ្យប្រជាពលរដ្ឋរិះគន់អាជ្ញាធរខេត្តរតនគីរីអសមត្ថភាព ដឹកនាំរបៀប(ជិះសេះលែងដៃ )ផ្ទុយទៅនឹងគោលការណ៍របស់រដ្ឋាភិបាល។

ជុំវិញករណីខាងលើនេះអ្នកសារព័ត៌មានមិនអាចសុំការបកស្រាយពីលោកកែប កុត នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រតនគីរីបានទេនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ដោយទូរសព្ទ័របស់លោកមិនអាចទំនាក់ទំនងបាន។

សារព័ត៌មានក្រាំង មាសស្វាគមន៍បកស្រាយជានិច្ច រាល់សាម៉ីពាក់ពន្ធ័ ដើម្បីឲ្យព័ត៌មាន មានភាពសុក្រិត និងយុត្តិធម៌ ចូលរួមការពារធនធានធម្មជាតិតាមគោលការណ៍របស់រដ្ឋាភិបាល៕ សាយ ប៉ូច


ចែករំលែក៖