ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ គន់ គីម អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតាមមាត់ស្ទឹង បង្កើនការប្រុងប្រយ័ត្ន

ចែករំលែក៖

ខេត្តព្រះវិហារ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅ តាមបណ្តោយដងស្ទឹងសែន ទាំងអស់ឲ្យមានការ​ប្រុងប្រយ័ត្នខ្ពស់ ព្រោះកម្ពស់ទឹកស្ទឹងសែន នៅតែបន្តការកើនឡើងខ្ពស់ រហូត១៣,២៦ម៉ែត្រ បាននយ័ថា លើសពីម្សិលមិញដែលមានកំពស់តែ១៣,០០ម៉ែត្រ ដូច្នេះលើស០.២៦ម៉ែត្រ ហើយលើសកម្រិតប្រកាសឲ្យ មានការប្រុងប្រយ័ត្ន ដែលមានត្រឹម១១,៥០ម៉ែត្រ។

លោកថ្លែងបែបនេះក្នុងឱកាស លោកទាំង២នាក់ ចុះពិនិត្យមើលស្ថានភាពភូមិសាស្ត្រ នៅស្រុកជាំក្សាន្តបន្ទាប់ពីរងគ្រោះទឹកជំនន់កន្លងទៅថ្មីៗ នេះជាមួយលោក ស្របពេលស្ថានភាពទឹកជំនន់ នៅស្រុកជាំក្សាន្តបានស្រកចុះ ធ្វើឲ្យទឹកហូរចូលទៅស្ទឹងសែន ដូច្នេះហើយធ្វើឲ្យកម្ពស់ស្ទឹងសែនមានការកើនឡើង។

លោក អ៊ុន ចាន់ថា បានថ្លែងថា «នៅព្រឹកនេះទឹកស្ទឹងសែន មានកំពស់រហូត១៣,២៦ម៉ែត្រ បានន័យថា ខ្ពស់ជាងថ្ងៃម្សិលមិញដែលមានកំពស់តែ១៣,០០ម៉ែត្រ ដោយសារតែការកើនឡើងនូវ កម្ពស់ទឹកស្ទងសែននេះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន ត្រូវមានការប្រុងជានិច្ចចំពោះសុវត្ថិភាពកូនចៅ និងទ្រព្យសម្បត្តិផ្សេងៗចៀសវាង ការខូចខាត និងបាត់បង់ដោយប្រការផ្សេងៗ។ ចំពោះអជ្ញាធរដែនដី និងសមត្ថកិច្ចនៅតាមមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ តាមដានស្ថានភាពទឹក ដើម្បីងាយស្រួលក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋបានទាន់ពេលវេលា»។

លោកអភិបាលខេត្ត បានបន្តថា នៅព្រឹកថ្ងៃនេះនាយឧត្តមសេនីយ៍ គន់ គីម និងខ្ញុំរួមជាមួយថ្នាក់ដឹកនាំ និងកងកម្លាំងផ្សេងៗ ដែលឈជើងនៅ ទិសសមូរភូមិប្រាសាទព្រះវិហារ បានចុះពិនិត្យតាមភូមិសាស្ត្រនានា នៅស្រុកជាំក្សាន្តពិសេសភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ដែលរងការ ខូចខាតរួមមានផ្លូវថ្នល់ ស្ពាន ទំនប់ទឹកដោយគ្រោះទឹកជំនន់ថ្មីៗនេះ ដើម្បីធ្វើការស្តារ និងជួសជុលឡើងវិញ បំរើផលប្រយោជន៏បរជាពលរដ្ឋ។

លោកអភិបាលខេត្ត អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃនេះគ្រោះទឹកជំនន់នៅខេត្តព្រះវិហារ បានធ្វើឲ្យប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋសរុប ៥៥៦ខ្នងស្មើ និង២៦៤គ្រួសារ ប៉ះពាល់ស្រែចំការសរុប៥៤៨៥ហិកតាស្មើ និង៧៤៤គ្រួសារ ប៉ះពាល់ផ្លូវជាតិប្រវែង១៤៧៤ម៉ែត្រ ផ្លូវលំប្រវែង១០,៣៨៧ម៉ែត្រ ស្ពាន៣កន្លែង សាលារៀនមួយខ្នង ទំនប់ទឹក២កន្លែង ស្រូវ៩៣៦១គីឡូក្រាម អង្ករគីឡូ២០០ក្រាម សត្វពាហះនះមួយចំនួន និងមនុស្សស្លាប់ដោយលង់ទឹក២នាក់នៅស្រុកជាំក្សាន្ត៕ ហេង សូរិយា


ចែករំលែក៖