ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើងជិះម៉ូតូវាយគ្នាផ្អើលពេញក្រុងស្វាយរៀង

ចែករំលែក៖

 

ខេត្តស្វាយរៀង៖ ការភ្ញាក់ផ្អើលមួយកើតឡើង ខណ៖មានក្មេងស្ទាវប្រមាណ៤នាក់បានជិះម៉ូតូ២គ្រឿងដេញវាយនឹងខ្សែក្រវាត់ទៅលើយុវជនរងគ្រោះជិះម៉ូតូ២នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ និងធ្វើឲ្យដួលម៉ូតូត្រឡប់ត្រឡិនកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចខាងកើតរូបគោស្ថិតក្នុងភួមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដោយសារមានទំនាស់ពាក្សសំដី ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះណុប សុភារះ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង រងរបួសស្មាខាងឆ្វេង អ្នករួមដំណើរឈ្មោះភោក រ៉ាហ៊ុត ភេទប្រុស អាយុ១៦ឆ្នាំ សិស្សរស់នៅភួមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រុំ មិនរងរបួសទេ ខណៈជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១ C៦៦ ០៦ ខូចខាតយ៉ាងដំណំ។

ចំណែកជនសង្ស័យបង្កហេតុមិនត្រូវបានស្គាល់ឈ្មោះនោះទេ មានគ្នាចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង មិនស្គាល់ម៉ាក ក្រោយកើតហេតុបានជិះគេចខ្លួនបាត់ស្រមោលភ្លាមៗតែម្ដង។

ចំពោះជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជួនទៅមន្ទីរពេទ្យបង្អែកខេត្ត និងអ្នករួមដំណើរសមត្ថកិច្ចកំពុងសាកសួរបានឆ្លើយថា មុនកើតហេតុពួកគេបានជិះម៉ូតូចេញពីកន្លែងស្តាម៉ាត ការាស់សាំងតេលានៅក្រុងស្វាយរៀង ដោយមានទំនាស់ពាក្សសំដីជាមួយក្រុមខាងលើហើយខណៈកំពុងជិះម៉ូតូ ស្រាប់តែឃើញជនសង្សយ័ជិះម៉ូតូតាមពីក្រោយដេញវាយបណ្ដាលឲ្យភ័យក៏ដួលម៉ូតូបង្កភាពភ្ញាក់ផ្អើលតែម្ដង។

រហូតមកដល់រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលកំពុងស្រាវជ្រាវរកក្រុមសង្ស័យបង្កហេតុដើម្បីឃាត់ខ្លួនចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖