ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ឆ្លងទឹកប្រឡាយដេញគោត្រឡប់មកផ្ទះលង់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសម្នាក់បានឈ្លក់ទឹកលង់ស្លាប់ បង្កមានការ​ភ្ញាក់ផ្អើល និងឆោឡោ​ឡើង ខណៈដែលជនរងគ្រោះបានឆ្លងប្រឡាយដេញសត្វគោរបស់ខ្លួន កាលពីវេលាម៉ោងជិត៥រសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិជុបព្រីង ឃុំថ្មីស្រុកកំពង់រោទិ៍ ។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសដែលស្លាប់មានឈ្មោះអាត់ ផូ អាយុ៦០ឆ្នាំ មុខរបរកសិករ រស់នៅភូមិជុបព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ។

តាមអ្នកភូមិបានអោយដឹងថា មុនកើតហេតុ គេឃើញសត្វគោរបស់គាត់ឆ្លងប្រឡាយទឹកទៅត្រើយម្ខាងដើម្បីស៊ីស្មៅហើយរហូតដល់ពេលរសៀលម៉ោងជិត៥ ជនរងគ្រោះក៏បានដើរទៅយកគោត្រឡប់មកផ្ទះដូចសព្វដង ប៉ុន្តែស្រាប់តែគោហែលទៅត្រើយម្ខាងហៅមិនឮ ទើបជនរងគ្រោះដាច់ចិត្តហែលទឺកប្រឡាយដើម្បីដេញគោមកវិញ។

ប្រភពបន្តថា ខណៈហែលបានពាក់កណ្ដាលប្រឡាយទឹកស្រាប់តែលិចបាត់ក៏បង្កអោយការឆោឡោ និងអ្នកភូមិហៅគ្នាជួយដែរប៉ុន្តែយឺតពេលទៅហើយដោយឈ្លក់ទឹកស្លាប់មិនអាចជួយសង្គ្រោះបាននោះទេ។

ក្រោយមកសមត្ថកិច្ចបានប្រគល់សាកសព​ទៅអោយក្រុមគ្រួសារធ្វើបុណ្យ​តាម​ប្រពៃណី ទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន


ចែករំលែក៖