ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័របើកបុកម៉ូតូក្នុងទិសដៅបញ្ច្រាសបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហាយឡែនឌ័រមួយគ្រឿង បានបើកបុកជាមួយម៉ូតូមួយគ្រឿងទៀតក្នុងទិសដៅបញ្ច្រាស បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់នៅនិងកន្លែងកើតហេតុ មានឈ្មោះ មុំ រតនា ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរ ជានាយទាហាន កងអង្គរក្ស ស្នាក់នៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល និងជាម្ចាស់ម៉ូតូរងគ្រោះម៉ាក ហង់ដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1M-9910 ។ ចំណែករថយន្តបង្កម៉ាក តូយ៉ូតា ហាយឡែនឌ័រ ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2AJ-7334 ដោយអ្នកបើកមិនស្គាល់អត្តសញ្ញាណនោះទេ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើឆ្លងកាត់នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញមានរថយន្តជាច្រើនគ្រឿងបានធ្វើដំណើតាមដងផ្លូវខាងលើ ខណៈពេលនោះក៏មានរថយន្តបង្កម៉ាកហាយឡែនឌ័រ បានបើកបរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនរួមទាំងបានវ៉ាជ្រែងគេឯងទៀតផង ស្របពេលនោះក៏មានម៉ូតូរងគ្រោះខាងលើធ្វើដំណើក្នុងទិសដៅបញ្ច្រាស់គ្នារួមទាំងបើកវ៉ាជ្រែងគេឯងផងដែរ ទើបធ្វើឲ្យរថយន្តបង្កខាងលើបុកម៉ូតូរងគ្រោះចំពីមុខចហៀងខាងស្ដាំតែម្ដង ហើយអូសទាំងម៉ូតូនិងម្ចាស់ប្រហែលជិត៣០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ រីឯម៉ូតូរងការខូចខាតខាងមុខយ៉ាងដំណំផងដែរ ។

ប្រភពដដែលបានបន្តថា ក្រោយពីកើតហេតុភ្លាមៗ អ្នកបើករថយន្តហាយឡែនឌ័រ មិនបានឈប់នៅនិងកន្លែងកើតហេតុនោះទេ ដោយបើកបន្តទៅមុខទៀត តែសំណាងមិនល្អរថយន្តបង្កខាងលើនោះបើកបរបានប្រហែល១០០ម៉ែត្រក៏រលត់ឈឹងតែម្ដង រួចក៏ចុះពីលើរថយន្តបង្កគេចខ្លួនបាត់ស្រមោលតែម្ដង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការស្រាវជ្រាវទំនាក់ទំនងទៅសាច់ញាតិសពឲ្យចុះមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី  ។ ចំណែករថយន្តបង្កនិងម៉ូតូរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញខាងចរាចរណ៍ជើងគោករាជធានីភ្នំពេញ ចុះមកវាស់វែងយកទៅរក្សាទុកនៅក្រុង រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖