ព័ត៌មានទាន់ហេតុការណ៍៖

បើករ៉ឺម៉កដឹកដែកគេចរថយន្តស៊ីរ៉ែនបុកគល់អំពិលបារាំងកៀបកស្លាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យុវជនជាកម្មករសិប្បកម្មដែកមួយកន្លែង បានកៀបកស្លាប់នៅក្នុងថ្លុកឈាម ខណៈដែលបើករ៉ឺម៉កដែកទៅសាងសង់ ហើយបើកគេចរថយន្តស៊ីរ៉ែនរបស់អ្នកធំ ជ្រុលទៅបុកគល់អំពិលទឹកបារំាងស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍ជិះម៉ូតូរ៉ឺម៉កគេចរថយន្តស៊ីរ៉ែនបណ្តាលឲ្យស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២៥នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នំា២០១៧ នៅចំណុចមុខស្ថានីយប្រេងតេលា តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៩ទៅលេខ៥០ ស្ថិតនៅក្នុងភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នគរបាលចរាចរណ៍ក្រុងច្បារមនបាននិយាយឲ្យដឹងថា យុវជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ វិច្ឆ័យ អាយុ១៧ឆ្នំា ជាកម្មករផ្សារដែក ស្នាក់នៅជាមួយថៅកែរកស៊ីបើកសិប្បកម្មដែលមួយកន្លែងនៅក្នុងភូមិផ្សារវត្តចំណារ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានស្រុកកំណើតនៅក្នុងភូមិទួលកេះ ឃុំក្រំាងចេក ស្រុកឩដុង្គ ខេត្តកំពង់ស្ពឺ។

ប្រជាពលរដ្ឋឈ្មោះ សុខ អាយុ៣៨ឆ្នំា មុខរបររត់មូតូឌុបបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញយុវជនរងគ្រោះខាងលើបានជិះម៉ូតូម្នាក់ឯង សណ្តោងរ៉ឺម៉កដឹកដែកពេញធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តស៊ីរ៉ែនចំនួន២គ្រឿង ដែលនំាមុខរបស់រថយន្តអ្នកធំៗនោះជែងគេឯងផុតគំនួសលឿងមកខាងយុវជនរងគ្រោះ ពេលឃើញដូចនោះយុវជនរងគ្រោះខាងលើបានបើកម៉ូតូព្យាយាមគេចពីរថយន្តស៊ីរ៉ែននោះ ក៏បានជ្រុលចង្កូតទៅបុកជាមួយគល់អំពិលទឹកបារំាងឬ(ចន្ទ័គិរី) បណ្តាលឲ្យយុវជនរងគ្រោះខាងលើកៀបជាប់កស្លាប់នៅក្នុងថ្លុកឈាមតែម្តង។

ប្រជាពលរដ្ឋបាននិយាយរិះគន់រថយន្តស៊ីរ៉ែនដឹកនំាមុខអស់លោកអ្នកធំៗថា បើគ្រាន់តែបើកសំឡេងនោះវាមិនអីទេ ប៉ុន្តែពេលដែលបើកស៊ីរ៉ែនហើយលឿនទៀតបើកបរអាងតែអ្នកធំបំពានចូលផ្លូវគេទៀត ដូចជាករណីយុវជនរងគ្រោះខាងលើនេះ។

តាមតំណាងម្ចាស់សិប្បកម្មបានប្រាប់នគរបាលឲ្យដឹងថា នៅមុនពេលកើតហេតុយុវជនជាកូនជាងខាងលើបានដឹកដែកចេញពីម្តុំផ្សារវត្តចំណារទៅសាងសងនៅខាងកើតផ្សារកំពង់ស្ពឺមិនដឹងជាយ៉ាងមិចទេឃើញសមត្ថកិច្ចទូរសព្ទ័ទៅថាស្លាប់ហើយ។ ប្រជាពលរដ្ឋរិះគន់ថា ម្ចាស់សិប្បកម្មនោះបណ្តោយឲ្យក្មេងមិនទាន់គ្រប់អាយុផងឲ្យបើកបររ៉ឺម៉កដឹកដែកធ្ងន់ ដែលសូម្បីតែមនុស្សពេញវ័យទប់ទម្ងន់ដែកនោះមិនឈ្នះផង។ ដូចនេះសូមអស់លោកជំនាញមេត្តាជួយពិនិត្យមើលផងដែលម្ចាស់សិប្បកម្មប្រើក្មេងមិនទាន់គ្រប់អាយុនេះ។

ក្រោយកើតហេតុ នគរបាលជំនាញបានចុះវាស់វែងប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ សេនាស័ក្តិ


ចែករំលែក៖