ខេត្តកណ្តាលៈ បុរសម្នាក់ទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីបុររូបនេះជិះម៉ូតូបុកគ្នាជាមួយរថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយ កាលពីវេលាម៉ោង១៨ និង១០នាទី ថ្ងៃតី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ស្ថិតក្នុងភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ នឿន សុភឿន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1AI-1480 ។ ចំណែកឯរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពត3A-0309 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានចុះគេចខ្លួនបាត់ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន លុះបើកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកគ្នាជាមួយម៉ូតូម៉ាកហុងដាឌ្រីម ដែលកំពុងបើកបរច្រាស់ទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យម៉ូតូ និងជនរងគ្រោះដួលបោកទៅលើផ្លូវស្លាប់យ៉ាងអណោចអធ័មនៅកន្លែងកើតហេតុ ។ ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបានចុះគេចខ្លួនបាត់ រីឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាឮប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ