ភ្នំពេញ៖ ក្មេងស្ទាវ ៗចំនួន៤នាក់ ត្រូវប៉ូលីសចាប់ឃាត់ខ្លួន ខណៈឆែករកឃើញថ្នាំញៀន១កញ្ចប់ នៅជាប់ខ្លួនពេលពួកគេកំពុងធ្វើដំណើរតាមផ្លូវសាធារណៈ កាលពីវេលាម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៧ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចថ្លែងថា ជនជាប់ចោទទាំង៤នាក់ ១/ឈ្មោះ មឿន ចន្នី អាយុ១៨ឆ្នាំ មានទីលំនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ២/ឈ្មោះ នាង វ៉ាន់ដា អាយុ២១ឆ្នាំ មានទីលំនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ៣/ឈ្មោះ ហែម សុគន្ឋា អាយុ១៨ឆ្នាំ មានទីលំនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និង ៤/ឈ្មោះ សុខ សុវណ្ណវិសាល អាយុ១៩ឆ្នាំ មានទីលំនៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់។
ប្រភពបន្តថា សមត្ថកិច្ចបានឃើញពួកគេទាំង៤នាក់ ជិះម៉ូតូ២គ្រឿងចូលមកឈប់ក្នុងកន្លែងងងឹតមួយ ដោយមានការសង្ស័យក៏ទៅត្រួតពិនិត្យឆែករកឃើញថ្នាំញៀន ចំនួន១កញ្ចប់តូចនៅក្នុងហោប៉ៅខោរបស់បក្ខពួកគេម្នាក់ឈ្មោះ ហែម សុគន្ឋា ទើបឃាត់ខ្លួនទាំងអស់គ្នាយកទៅសួរនាំ និងត្រួតពិនិត្យទឹកនោមពួកគេរកឃើញមានផ្ទុកសារធាតុថ្នាំញៀនទាំងអស់ក៏ឃាត់ខ្លួនតែម្តង ត្រៀមបញ្ជូនទៅតុលាការ៕ តុង សីហា