ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឃាត់ខ្លួនបុរសសង្ស័យម្នាក់ប្រើហិង្សាវាយទៅលើឪពុករបស់ខ្លួនហើយមិនអស់ចិត្តទាញកាំបិតកាប់ទៅលើម៉ូតូហើយបានយកដេែកកេះដុតម៉ូតូមួយគ្រឿងឆេះផ្នែកខាងមុខ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៤០ល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិចែងមែង ឃំុអង្គតាសូ ស្រុកស្វាយជ្រំ។
សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានអោយដឹងថា បុរសសង្ស័យដែលឃាត់ខ្លួនមានឈ្មោះសឹុម ពឿនអាយុ39ឆ្នាំ មុខរបរកសិករ រស់នៅភូមិចែងមែង ឃំុអង្គតាសូ ស្រុកស្វាយជ្រំ។
ចំណែកឪពុកដែលរងគ្រោះមានឈ្មោះម៉ែន បុឹប អាយុ៦៦ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិ ឃុំជាមួយគ្នា ដោយរងរបួសភ្លៅខាងស្ដាំ។
បើតាមឪពុកជនសង្ស័យបានរៀបរាប់ទាំងឈឺចុកចាប់ថា មុនដំបូងកូនកាត់បានផឹកស្រាស្រវឹងជោកជាំដើរលែងត្រង់ផ្លូវហើយរូបគាត់បានហាមកូនផឹកស្រាបន្ត ព្រោះស្រវឹងខ្លាំងណាស់ ខណៈនោះស្រាប់តែគេខឹងស្រែកឡូឡាក៏ស្ទុះទៅយកដងកឺបុកប៊ីយ៉ែវាយទៅគាត់ចំនួន2ដងនិងវាយក្បាលតែគេចផុត។
ដោយមិនអស់ចិត្តលោកកូនទាញកាំបិតប័ុងតោស្ទុះទៅកាប់ក្បាលម៉ូតូបែកអស់ចំនួន02គ្រឿង និងបានទាញទុយយោសាំងពីម៉ូតូយកដែកកេះដុតទុយយោសាំងបណ្ដាលអោយឆេះម៉ូតូផ្នែកខាងមុខបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិ និងសមត្ថកិច្ចមកអន្តាគមន៍ឃាត់ខ្លួនជនសង្ស័យតែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំចាត់ការតាមច្បាប់៕ យឹម សុថាន