ព័ត៌មានទាន់ហេតុការណ៍៖

មកជួលផ្ទះស្នាក់នៅម្តុំមុខពេទ្យលោកបម្រុងជួញដូរ និងចែកចាយគ្រឿងញៀនមិនទាន់បានលក់ផងត្រូវនគរបាលប៉ុស្តិ៍ទឹកថ្លាបង្ក្រាបបាន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានមកជួលផ្ទះគេស្នាក់នៅក្នុងភូមិបុរីកម្មករ (អតីតភូមិត្រពាំងឈូក)
គោលបំណងយកទីតាំងនេះ ជួញដូរ និងចែកចាយគ្រឿងញៀន តែត្រូវនគរបាលប៉ុស្តិ៍ទឹកថ្លាដឹងតាមរយះប្រជាពលរដ្ឋបានរាយការណ៍ ក៏ចុះបង្ក្រាបបានភ្លាមៗជាក់ស្តែងដកហូតបាន ថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន០៨កញ្ចប់ ធំតូច និងថ្នាំគ្រាប់WYចំនួន១០គ្រាប់ផងដែរ កាលពីម៉ោង២២និង៣០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្រុម៣ ភូមិបុរីកម្មករ(អតីតភូមិត្រពាំងឈូក)សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ប៉ូលីសនិយាយថា ជនសង្ស័យទី១ ឈ្មោះ គឹម ចាន់ចេតនា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម៣ភូមិបុរីកម្មករ(ត្រពាំងឈូក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ទី២ឈ្មោះ ជាង ឃាង ហៅចាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជួញដូរគ្រឿងញៀន ស្នាក់នៅផ្ទះជួលក្រុម៣ភូមិបុរីកម្មករ(ត្រពាំងឈូក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោកអនុសេនីយ៍ឯក សុខ សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានប្រាប់ថា ជនសង្ស័យទាំង២នាក់ខាងលើទើបតែចូលមកជួលផ្ទះស្នាក់នៅទីតាំងខាងលើ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ដោយគោលបំណងយកទីតាំងនេះធ្វើជាកន្លែងជួញដូរ និងចែកចាយគ្រឿងញៀនសារជាថ្មី ខណៈចូលមកនៅ ក៏ត្រូវបានប្រជាពលរដ្ឋល្អបានរាយការណ៍មកថា មានអ្នកផ្លែកមុខមកជួលទីតាំងខាងលើ ស្នាក់នៅមានការសង្ស័យ ទើបលោកដឹកនាំកម្លាំងចុះទៅពិនិត្យជាក់ស្តែងឃើញមានឧបករណ៍ប្រើប្រាស់គ្រឿញៀន ឆែកឆេហើយដកហូត បានថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន០៨កញ្ចប់ធំតូច ថ្នាំគ្រាប់WYចំនួន១០គ្រាប់ ថង់វេចខ្ចប់មួយចំនួន ជញ្ជើងថ្លឹងថ្នាំញៀនចំនួន១ផងដែរ។

ជាមួយគ្នានោះ លោកមេប៉ុស្តិ៍ ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានសហការ និងសូមអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ ទូទៅ មេត្តាចូលរួម កិច្ចសហការល្អ រវាង សមត្ថកិច្ចអាជ្ញាធរ នឹងប្រជាពលរដ្ឋដើម្បីភូមិសង្កាត់សុវត្ថិភាព កាត់បន្ថយបទល្មើសដែលកើតមាន ឡើងនៅតាមមូលដ្ឋាន ជាពិសេសពាក់ព័ន្ធនឹងទីតាំងសកម្មភាពជួញដូរគ្រឿងញៀននេះតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនិិងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕
តុង សីហា


ចែករំលែក៖