ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋមានលំនៅឋានជិតហាងថៅកែ ស្បែកគោត្អូញត្អែរថាធុំក្លិនស្អុយអសោចិ៍ចេញពីស្បែកគោរៀងរាល់ថ្ងៃ

ចែករំលែក៖

ខេត្តសៀមរាប៖  ប្រជាពលរដ្ឋដែលមានលំនៅឋាននៅតាមបណ្តោយផ្លូវក្រវាត់ក្រុង (ហៅ បេនឡានផ្លូវចុងកៅស៊ូចាស់) ក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ក្បែរផ្ទះ ថៅកែ ស្បែកគោ   សំណូមពរឱ្យមន្ត្រីបរិស្ថានជួយចុះពិនិត្យនិងយកស្បែកគោចេញពីកន្លែងនេះផង ព្រោះស្បែកគោដែលគេយកមកគរទុកជាយូរខែ ទើបដឹកចេញទៅឱ្យម៉ូយនៅភ្នំពេញម្ដងនោះ ធុំក្លិនស្អុយជារៀងរាល់ថ្ងៃ ខួបប្រាំង ខួប វស្សា ធ្វើឱ្យពួកគាត់ និងកូនៗកើតឈឺជំងឺផ្តាសាយ រហូតមិនដែលជានោះទេ។

ពលរដ្ឋម្នាក់ ឈ្មោះ ផេង តំណាងអោយពលរដ្នជាច្រើនបានរៀបរាប់ថា ម្ចាស់ស្បែកគោ និងជាម្ចាស់ដីដែលជួលផ្ទះឱ្យគេនោះ បានយកស្បែកគោនេះ មកទុកជាយូរខែណាស់មកហើយ មិនដែលមាននរណាម្នាក់ហ៊ានចេញមុខ ប្តឹងទៅសមត្ថកិច្ច ឬ មន្ត្រីបរិស្ថាននោះទេ ដោយសារពួកគាត់ជាអ្នកជួលផ្ទះនៅក្បែរនោះ ដូច្នេះចេះតែទ្រាំៗឱ្យតែបានសុខទៅ។ សព្វថ្ងៃ ពួកក្មេងៗ មានជំងឺគ្រប់គ្នា ពេលខ្លះរុយក្បាលខៀវ ហើរចេញពីស្បែកគោដែលធុំក្លិនស្អុយមកទុំលើម្ហូបអាហារ លើ សម្ភារផ្សេងៗលើផ្ទះ ក្រោមផ្ទះ និងប្រសិនបើធ្វើដំណើរឆ្លងកាត់ ប្រាកដជាធុំក្លិនស្អុយជារកកល់ក្អួតជាមិនខាន។

ជុំវិញករណីខាងលើនេះដែរ លោក  នួន មុន្នី ប្រធានបរិស្ថានខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ថា លោកនឹងឱ្យកូនចៅ ចុះទៅពិនិត្យមើល ជាក់ស្តែងបើសិនជាប៉ះពាលបរិស្ថានខ្លាំង យើងនឹងមានវិធានការហើយ។

លោក លី ឡេង ថៅ កែ ស្បែកគោបានបំភ្លឺតាមទូស័ព្ទថា លោករស់នៅទីនេះ ជាង២០ឆ្នាំហើយ កាលគាត់មកនៅទីនេះមិនទាន់មានមនុស្សមកនៅទេ ឯបញ្ហាស្បែកគោយើងប្រឡាក់អំបិលត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ពុំមានធុំក្លិនទេ  តែការធុំក្លិននោះ គឺនៅពេលដែលរើរុះដឹកជញ្ជូនចេញទើបធុំក្លិន៕ ប៊ុនរិទ្ធី


ចែករំលែក៖