ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ​ប្រមាណ​៣១​គ្រួសារ លើកគ្នា​ទៅសុំ​ឲ្យ​លោក កង សំអឿន មេឃុំ​ព្រែក​ជ្រៃ​ជួយ​ដោះស្រាយ​រឿង​ប្តឹងតវ៉ា​បើកផ្លូវ​លំ​អាន​ចាស់

ចែករំលែក៖

ខេត្តព្រៃវែង​៖ ​មាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​រស់នៅ​ភូមិ​អន្លុង​ទ្រា ឃុំ​ព្រៃ​ក​ជ្រៃ ស្រុក​ពោធិ៍​រៀង ថា នៅ​ព្រឹក​ថ្ងៃទី​29 កក្កដា ឆ្នាំ​2017 ពលរដ្ឋ​ប្រមាណ​៣១​គ្រួសារ បាន​លើកគ្នា​ទៅសុំ​ឲ្យ​លោក កង សំអឿន មេឃុំ​ព្រែក​ជ្រៃ​ជួយ​ដោះស្រាយ​រឿង​ប្តឹងតវ៉ា​បើកផ្លូវ​លំ​អាន​ចាស់ តែ​ត្រូវបាន​លោក​មេឃុំ​និយាយថា មិន​ដោះស្រាយ​រឿង​ឲ្យ​ទេ​។​

​លោក សុន សុផល អាយុ​៤៩​ឆ្នាំ ជា​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា ក្រោយពី​មាន​ពលរដ្ឋ​ជិត​១០០​នាក់​ផ្ទុះ​ការតវ៉ា​រឿង​សុំ​បើក​ផ្លូវលំ​អាន​ចាស់​មេឃុំ​មិន​ដោះស្រាយ​ឲ្យ ​និង​មាន​ប្រព​ន្ធ័​ផ្សព្វផ្សាយ​ជាច្រើន​បានធ្វើការ​ចុះផ្សាយ​ធ្វើ​ឲ្យ​លោក កង សំអឿន មេឃុំ​ព្រែក​ជ្រៃ ឆ្លើយតប​វិញ​នៅ​ចំពោះមុខ​ពលរដ្ឋ​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ ថា លោក​មិន​ដោះស្រាយ​រឿង​ឲ្យ​ទេ​ទុក​ឲ្យ​ពួក​កាសែត ឬ​អ្នកផ្សេង​ដោះ​ទៅ​។​

​ករណីនេះ​លោក សួន ម៉ា​លីន អភិបាលស្រុក​ពោធិ៍​រៀង បាន​ឆ្លើយតប​ប្រាប់​អ្នកកាសែត​វិញ​ថា ការលើកឡើង​របស់លោក​មេឃុំ​នោះ​ពុំ​ត្រូវ​ទេ​យើង​ជា​អាជ្ញាធរ​ដែល​ពលរដ្ឋ​បោះឆ្នោត​ឲ្យ និង​មាន​តួនាទី​ជា​អ្នកបំរើ​ពលរដ្ឋ​ហើយ​លោក​នឹងធ្វើ​ការអប់រំ​ណែនាំ​លោក​មេឃុំ​មិន​ឲ្យ​និយាយស្ដី​ដាក់​ពលរដ្ឋ​បែបនេះ​ទៀតឡើយ​។​

​លោក​បន្តថា រឿង​ពលរដ្ឋ​ប្ដឹង​សុំ​បើកផ្លូវ​លំ​អាន​ចាស់​នោះ​លោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ហើយ​នៅ​រសៀល​ថ្ងៃទី​២៩ ខែកក្កដា យ៉ាងណា​ក៏​មិន​បង្អង់​យូរ​ដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧ ឡើយ​។​

​គួ​រម្លឹកថា ពលរដ្ឋ​ប្រមាណ​ជិត​១០០​នាក់​បាន​ផ្ទុះ​ការតវ៉ា កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ បន្ទាប់​អាជ្ញាធរ​ផ្អឹប​បណ្ដឹង​របស់​ពួកគាត់​ចោល​រយៈពេល​ជិត​២​ខែ ក្រោយ​ប្តឹង​ទៅកាន់​ឈ្មោះ ល​ក្ខ័ និង​ប្រពន្ធ​ឈ្មោះ​ខូវ មាន​ទីលំនៅ​ភូមិ​ជាមួយ បានធ្វើ​របងលួស​ព័ទ្ធ​ផ្ជិ​ត​ផ្លូវលំ​អាន​ចាស់​នៅ​ចំណុច​ជាប់​ក្បាលដី​របស់ខ្លួន​កាលពី​អំឡុង​ខែ មេសា​ឆ្នាំ​២០១៧​។ ការ​ព័​ទ្ឋ​របង​នេះ​ពួកគេ​ទាំង​២​បាន​និយាយថា ខ្លួន​ទិញ​ដី​ដល់​ណា​គឺ​ធ្វើ​របង​ដល់​នឹង​៕​


ចែករំលែក៖