ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ធ្វើការស្រាវជ្រាវបង្រ្កាបចាប់ខ្លួន កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល រួមជាមួយវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៤កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ចេក ចាន់ថន ហៅចយ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល ។ ក្រៅពីបទល្មើសជាក់ស្តែងជនសង្ស័យរូបនេះក៏មានដីកាបង្គាប់ឲ្យចាប់ខ្លួនផងដែរ ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៩៧៧ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ របស់លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ឈ្មោះ ចេក ចាន់ថន ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ នៅភូមិច្រកក្រសាំង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋមានជនសង្ស័យធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋាន បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយនករបាលប៉ុស្តិ៍រដ្ឋបាល ចុះធ្វើការស្រាវជ្រាវរហូតឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ