ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ទទួលបទបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្រ្កាបរថយន្ត ១គ្រឿង ដឹកឈើប្រភេទប្រណីតធ្នង់ប្រគល់ឲ្យមន្រ្តីជំនាញព្រៃឈើដើម្បីបន្តនីតិវិធី ប៉ុន្តែត្រូវបានគេដោះលែងឲ្យទៅវិញត្រឹមមួយចម្អិនកំពឹសទៅវិញ។
ប្រតិបត្តិការកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ទទួលបទបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រភេស បង្រ្កាបរថយន្តដឹកឈើប្រភេទប្រណីតធ្នង់ ធ្វើឡើងកាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចអូរទូក ស្ថិតក្នុងអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថដែលបានទទួលបទបញ្ជាចុះប្រតិបត្តិការបង្រ្កាបខាងលើបានឲ្យដឹងថា រថយន្តដឹកជញ្ជូនឈើខុសច្បាប់ស្តីពីរដ្ឋបាលព្រៃឈើម៉ាក គា កែច្នៃទ្រុង ពណ៏ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2F 8262 ដឹកឈើប្រភេទប្រណីតធ្នង់ពេញបង្កប់ពីក្រោមអេតចាយ ចំណែកអ្នកបើកបររថយន្ត និងអ្នករួមដំណើរបានរត់គេចខ្លួន។
ប្រភពព័ត៌មានខាងលើបន្តទៀតថា ហើយវត្ថុតាងទាំងរថយន្តទាំងឈើប្រភេទប្រណីតធ្នង់បានប្រគល់ឲ្យមន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើក្រវាញរក្សាទុកជាបណ្ដោះអាសន្ន នាល្ងាចថ្ងៃដដែលគឺ(៣០ ខែកក្កដា ២០១៧) លុះព្រឹកថ្ងៃទី៣១ ខែឆ្នាំដដែលទើបរាប់វាសវែងទាំងអស់គ្នា លទ្ធផល៖ ត្រូវបានលោក ផេង វ៉ាន់នី នាយសង្កាត់រដ្ឋបាលព្រៃឈើសំរោងប្រាប់ថា ឈើប្រភេទប្រណីតធ្នង់សរុបចំនួន ១២៤ដុំ ស្មើរនឹងចំនួន ១,៣១៥ម៉ែត្រត្រីគុណ ហើយបានដាក់ចូលក្នុងឃ្លាំងនៃផ្នែករដ្ឋព្រៃឈើក្រវាញដើម្បីរក្សាទុកជាបណ្ដោះអាសន្ន។
ដោយឡែកប្រភពព័ត៌មានផ្សេងៗតាមតុកាហ្វេនិយាយតៗស្រឌៀងៗគ្នាថា រថយន្តដឹកជញ្ជូនបទល្មើសព្រៃឈើ(ឈើប្រភេទប្រណីតធ្នង់)ត្រូវបានគេឃើញបង្រ្កាបខ្លះទុកខ្លះ ព្រោះគេឃើញបក្សពួកម្ចាស់រថយន្តដឹកជញ្ជូនឈើខាងលើមានម៉ូតូសណ្ដោងរឺម៉កធំៗចំនួន ៣គ្រឿងផ្សេងទៀតមិនបានធុវើការបង្រ្កាបនោះទេ ហើយទាំងរថយន្តត្រូវបានបង្រ្កាប និងម៉ូតូសណ្ដោងរឺម៉កមិនត្រូវបានបង្រ្កាប គេឃើញលើកឈើរាបចំឡើងនៅម្ដុំទល់មុខផ្នែករដ្ឋបាលបាលព្រៃឈើវាលវែង ប៉ុន្តែចៃដន់ក៍ត្រូវត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការបង្រ្កាបត្រង់ភូមិសាស្រ្តដូចបានរាបរបខាងលើ តែអ្វីដែលពិសេសនោះគឺម៉ូតូសណ្ដោងរឺម៉កដឹកជញ្ជូនឈើទាំង ៣គ្រឿងនោះ បានបន្តចេញដំណើរយ៉ាងរលូននៅយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ដដែលនោះដែរ ចំណែកឯវត្ថុតាងរថយន្តដឹកឈើត្រូវបង្រ្កាបហើយប្រគល់ឲ្យមេព្រៃបន្តនីតិវិធីនោះ ក៍ត្រូវបានគេប្រគល់ឲ្យទៅម្ចាស់បទល្មើសវិញនោះដែរ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ នេះ គេមិនដឹងយោងលើច្បាប់ឬមាត្រាប៉ុន្មាននោះឡើយ។
បញ្ហាដោះលែងវត្ថុតាងរថយន្តដឹកជញ្ជូនបទល្មើសឈើប្រភេទប្រណីតធ្នង់នេះ លោក ហង្ស វណ្ណថន នាយរង និងនាយផ្នែករដ្ឋបាលព្រៃឈើក្រវាញស្ដីទី អ្នកកាសែត នគរវត្ត មិនអាចសុំការពន្យល់បានទេ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ នេះ ព្រោះទូរស័ព្ទលោកតេចូលគ្នានអ្នកទទួល ប៉ុន្តែលោក ផេង វ៉ាន់នី នាយសង្កាត់រដ្ឋបាលព្រៃសំរោងប្រាប់ថា ការប្រគល់វត្ថុតាងរថយន្តឲ្យទៅម្ចាស់វិញខាងលើនេះ គឺជាបញ្ជារបស់លោក អភិបាលខេត្តពោធិ៍សាត់ ខណៈម្ចាស់វត្ថុតាងរថយន្តដឹកជញ្ជូនឈើត្រូវបានបង្រ្កាបទៅអង្វសុំយំទួញសោកនៅចំពោះមុខលោក អភិបាលខេត្ត។
ប៉ុន្តែទោសជាយ៉ាងក្តីក៍រងការរិះគន់ពីមហាជនដែរថា នេះសឲ្យយ៉ាងច្បាស់នៅពីក្រោយខ្នងជនប្រព្រិត្តបទព្រៃឈើនោះហើយ ហើយក៍ប្រឆាំងនឹងប្រសាសន៍នាយករដ្ឋមន្រ្តីនោះដែរ៕ ប៉ឹម ពិន