ខេត្តកំពង់ឆ្នាំង ៖ ក្រុមញៀនល្បែងចំនួន៥នាក់ ដែលតែងសំកុកលេងបៀរ នៅក្នុងហាងកាហ្វេនោះត្រូវបានសមត្ថកិច្ចនគរបាលស្រុកទឹកផុស ចុះទៅបង្រ្កាបចាប់យកមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
សមត្ថិច្ចបានពុំបានបង្ហាញឈ្មោះក្រុមអ្នកញៀនល្បែងស៊ីសងទាំងនោះទេ គ្រាន់តែបានបញ្ជាក់ថា ក្រុមអ្នកលេងល្បែង ដែសមត្ថកិច្ចឃាត់ខ្លួននោះមានចំនួន៥នាក់ ក្នុងពេល ដែលឃាត់ខ្លួននោះ សមត្ថកិច្ចបានដកហូតម៉ូតូចំនួន៤គ្រឿង បៀរចំនួន៥២សន្លឹក លុយចំនួន៧៥០០០រៀល ។ ក្រោយពីធ្វើការសាកសួររួចរាល់អស់ហើយ សមត្ថកិច្ចឲ្យក្រុមអ្នកលេងល្បែងស៊ីសងទាំងអស់ធ្វើកិច្ចសន្យា ឲ្យបញ្ឈប់លេងល្បែងស៊ីសងតទៅទៀត ព្រោះថាវាខុសនឹងច្បាប់ ហាមឃាត់ ។
ក្រោយពីធ្វើកិច្ចសន្យាចប់សព្វគ្រប់ សមត្ថកិច្ចបានឲ្យក្រុមអ្នកញៀនល្បែងទាំងនេះត្រឡប់ទៅផ្ទះវិញជាធម្មតា ។
ករណីនេះ ត្រូវបានមហាជនបានលើកឡើងថា រាល់ពេលដែលចាប់ល្បែងស៊ីសង កម្រដែលឃើញអ្នកលេងល្បែងនោះជាប់ទោសទ័ណ្ឌណាស់ ក្រៅតែពីចាប់ហើយ យកមកកន្លែងរួចតម្រូវឲ្យបង់លុយលោះយកម៉ូតូឬកង់វិញតែប៉ុណ្ណោះ ដែលម្នាក់ៗត្រូវចំណាយលុយជាច្រើនដើម្បីជាថ្នូរដោះលែង យកម៉ូតូវិញ ឬកង់វិញ ដែលភាសារបស់អ្នកគេច្រើននិយាយថា ប៉ូលីសចាប់បនល្បែងស៊ីសងយកតែលុយ ។
ករណីនេះនគរវត្តពុំអាចសុំការទាក់ទងពីលោក ពេជ្រ រ៉ី ប្រធានផ្នែកព្រហ្មទណ្ឌកម្រិតស្រាលបាននោះទេ នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ៕ ចន្ថា