ព័ត៌មានទាន់ហេតុការណ៍៖

កូនស្រីពីររូបរបស់លោកស្រីអគ្គនាយិកាមជ្ឈមណ្ឌលព័ត៌មាននគរវត្ត ស្បថសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវី

ចែករំលែក៖

ភ្នំពេញ៖ កូនស្រីពីររូបរបស់លោកស្រីអគ្គនាយិកាមជ្ឈមណ្ឌលព័ត៌មាននគរវត្ត បានស្បថសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវី ជាមួយនឹងការប្តេជ្ញាចិត្ត គោរពតាមក្រមសីលធម៌វិជ្ជាជីវៈមេធាវី និង ច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី ព្រមទាំងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជា ។

ពិធីស្បថនេះ គឺ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០២ ខែសីហា ក្រោមវត្តមានលោក សួន វិសាល ជាប្រធាន លោក ចាយ ច័ន្ទតារាវណ្ណ លោកស្រី ទិត សុទ្ធីបូរ៉ាលក្ខណ៍ ជាសមាជិក និង លោក ហ៊ាន រិទ្ធ ជាតំណាងមហាអយ្យការ ។

លោក កៃ វិសាល មេធាវីតំណាងប្រធានគណៈមេធាវី បញ្ជាក់ថា មេធាវី១៦រូប ត្រូវបានស្បថសច្ចាប្រណិធាន ដើម្បីចូលប្រកបវិជ្ជាជីវៈមេធាវី ។

លោកមេធាវី កៃ វិសាល បានផ្តាំផ្ញើដល់មេធាវីទាំង១៦រូប ទើបស្បថនេះ ឲ្យប្រកបវិជ្ជាជីវៈមេធាវីដោយជោគជ័យ ដាស់តឿនមេត្តាពិនិត្យអនុវត្តច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈមេធាវីនិងលក្ខន្តិកៈមេធាវី និង ច្បាប់ទាំងឡាយ ។

កូនស្រីពីររូបរបស់លោកស្រីអគ្គនាយិកាមជ្ឈមណ្ឌលព័ត៌មាននគរវត្ត គឺ លោកស្រី គង្គា រ៉ាណាហ្សា និង កញ្ញា គង្គា នភាល័យ ព្រមទាំងសមាជិក១៤នាក់ ផ្សេងទៀត បានសច្ចាប្រណិធាន ថា ស្មោះត្រង់ចំពោះវិជ្ជាជីវៈ ភារកិច្ចជាមេធាវី ។ សូមប្តេជ្ញាជាឱឡារិកថា ក្នុងនាមជាមេធាវី គោរពឲ្យល្អបំផុត អនុវត្តតាមច្បាប់ និង មិនលុះដោយអគតិទាំង៤ ។ ប្រសិនបើបំពានពាក្យប្តេជ្ញានេះ សូមទទួលរងនូវបាបកម្ម រងទុក្ខវេទនា ។ ប៉ុន្តែបើប្រព្រឹត្តបានល្អត្រឹមត្រូវ នឹងមានលុះដោយអគតិទាំង៤ទេ មានសេចក្ដីសុខចម្រើន ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មេធាវីទាំងអស់មានចំនួន១៣៨២រូប ។ ក្នុងនោះ មេធាវីពេញសិទ្ធិចំនួន១០០៨រូប ។ នេះបើយោងតាមវេបសាយរបស់គណៈមេធាវីចេញផ្សាយ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ៕ ចេស្តា


ចែករំលែក៖