ភ្នំពេញ៖ បច្ចុប្បន្ននេះ គេឃើញក្រុមកុមារា និងកុមារី មួយចំនួនកំពុងតែត្រូវក្រុមមេក្លោងជួយដូរគ្រឿងញៀន យកមកប្រើប្រាស់ជារូបភាពឈរចែកចាយថ្នាំញៀនយ៉ាងសកម្ម នៅតំបន់បឹងកក់ ដើម្បីលាក់បាំងសមត្ថកិច្ច តែទីបំផុត នៅតែគេចមិនរួចពីកម្លាំងជំនាញនោះឡើយ ។
ជាក់ស្តែងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ កម្លាំង ជំនាញ កងរាជអាវុធហត្ថខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ជាក់ស្តែងពីបទចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ចំនួន២នាក់ និងអ្នកប្រើប្រាស់ចំនួន២នាក់ នៅចំណុចតាមបណ្តោយផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មន្រ្តីកងរាជអាវុធហត្ថខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនៈ
ទី១ឈ្មោះ សូយ សុខា ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដមានស្រុកកំណើត នៅអ្នកលឿងខេត្តព្រៃវែង (ក្រាមសថ្លាបានចំនួន៣៩កញ្ចប់តូច )។
ទី២- មាស ចំរើន ភេទប្រុសអាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយស្នាក់នៅមិនពិតប្រាកដ (ដកហូតបានក្រាមសថ្លា ៣៤កញ្ចប់តូច)។
ទី៣-នង កាណាល់ ភេទប្រុសអាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកមកទិញថ្នាំ។
ទី៤-ផាន វាសនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៣២ ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ដកហូតបានក្រាមសថ្លា១កញ្ចប់តូច) ជាអ្នកមកទិញថ្នាំ ។
វត្ថុតាងចាប់យក៖ ក្រាមសថ្លា៧៤ កញ្ចប់តូច (សង្ស័យគ្រឿងញៀន), ទូរស័ព្ទ០២គ្រឿងម៉ាក iphone 5S ពណ៍ទឹកមាស និងiphone 6ពណ៌ទឹកមាស, ម៉ូតូម៉ាកdream C125សេរី២០១៧ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH-3168 ។
មន្រ្តីអាវុធហត្ថដដែល បានបន្តទៀតថា នៅមុនពេលកើតហេតុកម្លាំងកងរាជអាវុធហត្ថបានទទួលព័ត៌មានពិករណីចែកចាយគ្រឿងញៀន នៅចំណុចខាងលើទើបនៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ កម្លាំង ជំនាយចុះទៅឃាត់ខ្លួន បានចំនួន៤នាក់ ជាក់ស្តែងរួមនិងវត្ថុតាងបានគ្រឿងញៀន៧៤កញ្ចប់តូច ដោយក្នុងនោះ អ្នកពាក់ព័ន្ធគ្រឿងញៀនចំនួន២នាក់ យកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក ដើម្បីសាកសួរ ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនឹងថ្នាំញៀន ត្រូវបញ្ជូនទៅការិយាល័យគ្រឿងញៀនអាវុធរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕ ស តារា