ព័ត៌មានទាន់ហេតុការណ៍៖

ជិតដល់ថ្ងៃរៀបការទៅដេកជាមួយសង្សារៗរឹតកសម្លាប់ប្លន់យកម៉ូតូ និងលុយនៅក្នុងផ្ទះសំណាក់មុនីកា

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់ត្រូវបានអ្នកបោសសំអាតផ្ទះសំណាក់មុនីកា ប្រទះឃើញដេកស្លាប់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងផ្ទះសំណាក់យីហោមុនីកា ផ្ទះលេខ253J ផ្លូវលេខ៤៦០ ក្រុមទី២២ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ដោយសង្ស័យដេកជាមួយមិត្តប្រុស ហើយមិត្តប្រុសរឹត ក សម្លាប់ប្លន់យកម៉ូតូ និងលុយទៅបាត់ ។

សពនារីរងគ្រោះដែលត្រូវគេរឹតកសម្លាប់ សង្ស័យប្លន់យកម៉ូតូ និងលុយខាងលើនេះឈ្មោះ អី សុខា អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិកោះនរាយ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ មានឪពុកឈ្មោះ អី ធារ៉ា អាយុ៥៩ឆ្នាំ មុខរបរជានាយរងការិយាល័យសិល្បៈ ស្នងការដ្ឋានឃោសនា-ព័ត៌មាន និង ម្ដាយឈ្មោះ ហៀង សុខលី អាយុជាង៥០ឆ្នាំ មានមុខរបរកាត់ដេរខោអាវនៅផ្ទះ រស់នៅភូមិកោះនរាយ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ប្រភពបានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុប្រហែលម៉ោង៩ព្រឹក ម្ដាយនារីរងគ្រោះបានប្រើនាងឲ្យទៅដូរលុយ40$ ដោយយកតែលុយខ្មែរ ដើម្បីយកជួសជុលម៉ាសុីនខូច ដោយរូបនាងបានជិះម៉ូតូមួយគ្រឿងម៉ាកហង់ដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-1723 ទៅជាមួយ ។ ប្រភពបន្តថា ក្រោយពីរូបនាងរងគ្រោះចេញទៅ គឺបាត់ឈឹងរហូតតែម្ដង រហូតដល់ម៉ោង៧យប់ថ្ងៃកើតហេតុនេះ ទើបឪពុកជនរងគ្រោះបានខលទៅនារីរងគ្រោះ ក៏ត្រូវបានសមត្ថកិច្ចលើកទូរស័ព្ឋ ហើយប្រាប់ថា នារីគ្រោះត្រូវបានគេរឹត ក សម្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់មុនីកា តាមបណ្ដោយផ្លូវលេខ460 ក្រុមទី22 ភូមិ4 សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះសំណាក់ខាងលើបានបង្ហើបប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុ វេលាម៉ោងជាង១ថ្ងៃរសៀល មានបុរសម្នាក់បានមកជួលបន្ទប់ដេក ហើយក្រោយមក ក៏នារីរងគ្រោះខាងលើបានជិះម៉ូតូមកតាមក្រោយ ចូលទៅក្នុងបន្ទាប់តែមួយ ។ បន្ទាប់ក្រោយមក នៅរសៀលថ្ងៃកើតហេតុដដែល បុរសម្នាក់ដែលស្នាក់នៅជាមួយនារីរងគ្រោះខាងលើ បានចុះមកហើយកាន់សោម៉ូតូនារីរងគ្រោះ និងប្រាប់ថា ចេញទៅរកទិញអីហូបបន្តិច ដោយម្ចាស់ផ្ទះសំណាក់មុនីកា នឹកស្មានថា ពួកគេជាសង្សារ មនុស្សស្គាល់គ្នា ទើបមិនសួរដេញដោលអីច្រើន ក៏ព្រមឲ្យបុរសរូបនោះចេញទៅតែម្ដង រហូតបុរសរូបនោះចេញទៅបាត់មិនឃើញត្រឡប់មកវិញ ។

ប្រភពដដែលបានបន្តថា បន្ទាប់ក្រោយមក ក៏មានអ្នកសំអាតផ្ទះសំណាក់ បានដើរទៅក្បែរបន្ទប់ ហើយឃើញបន្ទាប់ចំហរចោល ក៏បានហៅសួរ តែពេលនោះនារីគ្រោះមិនក្រោក ធ្វើឲ្យអ្នកសំអាតផ្ទះសំណាក់ចូលទៅដាស់ តែពេលនោះនារីរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយៗអ្នកសំអាតផ្ទះសំណាក់ខាងលើ ក៏បានរត់ទៅប្រាប់ម្ចាស់ផ្ទះសំណាក់ ហើយក៏រាយការណ៍បន្តទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ។

បើតាមសម្ដីពីសមត្ថកិច្ចមូលដ្ឋានបានលួចបង្ហើបប្រាប់ឲ្យដឹងថា ក្នុងករណីខាងលើនេះ គឺ មិត្តប្រុសនារីរងគ្រោះ លួងលោមរួមរ័ក្សជាមួយគ្នា ហើយរឹត ក សម្លាប់ប្លន់យកម៉ូតូនិងលុយតែម្ដង ព្រោះនៅក្នុងបន្ទប់កើតហេតុ គេសង្កេតឃើញមានស្រោមអនាម័យដែលប្រើប្រាស់អស់ចំនួន២ និងបានបាត់ម៉ូតូនារីរងគ្រោះរួមទាំងលុយដែលម្ដាយនារីរងគ្រោះឲ្យយកទៅដូរផងដែរ ។

តែបើតាមសម្ដីឪពុកនារីរងគ្រោះបានប្រាប់ឲ្យដឹងថា នារីរងគ្រោះមានគូរដណ្ដឹងរួចទៅហើយ និងជិតរៀបការនៅខែ១២ ខាងមុខនេះផងដែរ ។

ក្រោយពេលកើតហេតុ សពនារីរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យ រួចប្រគល់សពឲ្យទៅក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖