ក្នុងពេលដែលស្ថានភាព នៅក្នុងតំបន់កាន់តែតានតឹងខ្លាំងឡើង ដោយសារតែ ការសាកល្បង មីស៊ីលឆ្លងទ្វីបរបស់កូរ៉េ ខាងជើង ក្នុងពេលដែលរដ្ឋមន្ត្រីការពារ ជាតិជប៉ុន សុំលាលែងចេញពីតំណែង ។ រដ្ឋាភិបាលជប៉ុនក៏បានសម្រេច ជ្រើសយកមន្ត្រីការពារជាតិដែលមានបទពិសោធន៍ ខ្ពស់ឲ្យចូលកាន់តំណែងដ៏សំខាន់មួយនេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ជប៉ុន បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយ ផ្អែកតាមប្រភពដែលស្និទ្ធ នឹងគណបក្ស ប្រជាធិបតេយ្យសេរី ដែលជាបក្សកាន់ អំណាចថា នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe) បានកំណត់ តែងតាំងលោក Itsunori Onodera ដែលធ្លាប់បម្រើជារដ្ឋមន្រ្តីការពារជាតិជប៉ុនក្នុងឆ្នាំ 2012-2014 ជាប្រមុខថ្មីនៃក្រសួង ការពារជាតិ បន្ទាប់ពីការរុះរើគណៈរដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍នេះ។
នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បើតាមសេចក្តីរាយការណ៍ បានឲ្យ ដឹងថា លោកគ្រោងនឹងតែងតាំងលោក Itsunori Onodera (អុីតស៊ូណូរី អូណូដឺរ៉ា) ដែលធ្លាប់ធ្វើជារដ្ឋមន្រ្តីការពារជាតិ ជប៉ុន ចន្លោះឆ្នាំ២០១២-២០១៤ ជារដ្ឋមន្រ្តីការពារជាតិជាថ្មីឡើងវិញ។
ពាក់ព័ន្ធនឹងការរុះរើគណៈរដ្ឋមន្រ្តីជប៉ុននេះដែរ បើតាមភ្នាក់ងារព័ត៌មាន ក្យូដូក៏ បានផ្សាយផងដែរថា រដ្ឋមន្ត្រីអូឡាំពិក លោក Tamayo Marukawa ទំនងជា ចាកចេញពីគណៈរដ្ឋមន្រ្តី។ ក្រៅពីនេះ លោក Bunmei Ibuki ដែលជាអតីត ប្រធានសភា ត្រូវបានគេដឹងថា នឹងផ្តល់ តំណែងជារដ្ឋមន្ត្រីក្រសួង អប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ប៉ុន្តែលោក បានបដិសេធសំណើនេះ។
សូមជម្រាបផងដែរថា កាលពីដើមខែ កក្កដាកន្លងទៅនេះ លោកអាបេបាន ប្រកាសថា លោកគ្រោងនឹងរុះរើគណៈរដ្ឋមន្ត្រីនៅថ្ងៃទី 3 ខែសីហា។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ការផ្លាស់ប្តូរនេះមានគោលបំណងដើម្បីស្ដារការគាំទ្រ ជាសាធារណៈរបស់គណបក្សប្រជាធិបតេយ្យសេរី ដែលជាបក្សកាន់អំណាច បន្ទាប់ពីមានរឿងអាស្រូវថ្មីៗជុំវិញការចោទប្រកាន់ជាបក្ខ ពួកនិយម និងការបរាជ័យរបស់គណបក្ស ក្នុងការប្រឆាំងនឹងបេក្ខជន គណបក្សជំទាស់ក្នុងការបោះឆ្នោតជ្រើសរើសធ្វើ ជាអភិ បាលក្រុងនៅទីក្រុង Sendai នៅភាគ ពាយ័ព្យខេត្ត Miyagi និងការបោះឆ្នោត សភាក្រុង តូក្យូនៅខែកក្កដា។
កាលពីខែឧសភាកន្លងទៅ ឯកសារផ្ទៃ ក្នុង របស់ក្រសួងអប់រំ ត្រូវបានបែកធ្លាយ ដល់ដៃអ្នកសារព័ត៌មាន ដែលឯកសារបែក ធ្លាយនេះ បានបង្ហាញថា បានផ្តល់ផល ប្រយោជន៍ដល់វិទ្យាស្ថាន Kake Gakuen ដែលជាកម្មសិទ្ធិរបស់មិត្តភក្តិលោក អាបេ នាយករដ្ឋមន្រ្តីជប៉ុន។ បញ្ហានេះ បានរុញ ច្រានលោក អាបេ ឲ្យកាន់តែធ្លាក់ចូលក្នុងរឿងអាស្រូវកាន់តែខ្លាំង ដោយមេបក្ស ប្រឆាំងចោទថា មន្រ្តីដែលជារចនាសម្ព័ន្ធ ផ្លូវការរបស់ រដ្ឋាភិបាល គឺកំពុងត្រូវបានគេ បញ្ចុះបញ្ចូល ដើម្បីឲ្យគាំទ្រស្ថាប័នដែលជាមិត្តភក្តិរបស់លោក អាបេ៕ ម៉ែវ សាធី