ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់បានចុះងូតទឹក ហើយហែលលេងទៅកន្លែងទឹកជ្រៅ នៅសមុទ្រអូរឈើទាល បណ្តាលឲ្យលង់ទឹកហើយលើកដៃហៅឲ្យគេជួយ បន្ទាប់មកជនរងគ្រោះក៏លិចបាត់ទៅក្នុងទឹក ។
ក្រោយកើតហេតុភ្លាមជនរងគ្រោះត្រូវបានគេនាំគ្នាចុះទៅជួយរាវ និងស្រង់យកមកសង្គ្រោះបឋមនៅលើគោក ក្បែរមាត់ឆ្នេរសមុទ្រ ដោយសារស្ថានភាពជនរងគ្រោះមានសភាពធ្ងន់នោះ សមត្ថកិច្ចបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសលជនរងគ្រោះបានបាត់បង់អាយុជីវិតទៅហើយ។
លោកវរសេនីយ៍ទោ ប៉ោ ប៊ុណ្ណារ៉ា នាយការិយាល័យនគរបាលទេសចរណ៍បានឲ្យដឹងថា ករណីលង់ទឹកនេះ បានកើតមានឡើងនៅម៉ោងប្រហែល៦ល្ងាច ថ្ងៃទី២ ខែសីហា នៅចំណុចអារហាដ្ឋានឆ្នេរធម្មជាតិអូរឈើទាល ស្ថិតក្នុងក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង_ខេត្តព្រះសីហនុ ។
លោក ប៉ោ ប៊ុណ្ណរ៉ា បានឲ្យដឹងថា សព ជនរងគ្រោះឈ្មោះ ឈិន ជិនហ៊រ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ស្នាក់នៅបណ្តោះអាសន្ន ភូមិ២ សង្កាត់៤ ក្រុង_ខេត្តព្រះសីហនុ។
បច្ចុប្បន្នសពតម្កល់ទុកក្នុងសាលមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុរង់ចាំបងប្អូនមកទទួលយកទៅស្រុកកំណើតវិញ៕ឆ្លាម សមុទ្រ