ព័ត៌មានទាន់ហេតុការណ៍៖

សំណុំរឿងស៊ីឈ្នួលឲ្យពពោះជំនួស ៖ តុលាការផ្តន្ទាទោសជនជាប់ចោទ៣នាក់ ក្នុងម្នាក់១ឆ្នាំកន្លះ

ចែករំលែក៖

ភ្នំពេញ៖ ជនជាប់ចោទ៣នាក់ ក្នុងនោះមានស្ត្រីអូស្ត្រាលីម្នាក់ ពាក់ព័ន្ធករណីអំពើជាអន្តរការី នៃការពរពោះ ឬ និយាយសាមញ្ញថា ការជួលស្រ្តីខ្មែរឲ្យពពោះបង្កើតកូនជំនួស និង ផ្តល់ឯកសារដោយទុច្ចរិត នៅព្រឹកថ្ងៃទី០៣ ខែសីហា នេះ ត្រូវបានលោកស្រី ស៊ លីនណា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសក្នុងម្នាក់ៗ១ឆ្នាំកន្លះ និង ពិន័យជាប្រាក់ពី២លានរៀលទៅ៦លានរៀល ។

ក្រុមជនជាប់ចោទ ត្រូវបានចោទប្រកាន់ពីបទ អំពើធ្វើជាអន្តរការី នៃអំពើពពោះ និង បទសុំឲ្យផ្តល់ឯកសារដោយទុច្ចរិតតាមមាត្រា៣៣២និងមាត្រា៦៣២នៃក្រមព្រហ្មទណ្ឌ ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនជនរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ៣នាក់ ក្នុងនោះមានស្ត្រីជនជាតិអូស្រ្តាលីម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីអំពើជាអន្តរការី នៃការពរពោះ ឬ និយាយសាមញ្ញថា ការជួលស្រ្តីខ្មែរឲ្យពពោះបង្កើតកូនជំនួស និង ផ្តល់ឯកសារដោយទុច្ចរិត ។

លោកវរសេនីយ៍ឯក កែវ ធា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជនរាជធានីភ្នំពេញ ថ្លែងថា ជនសង្ស័យឈ្មោះ CHALES TAMMY ALAYNE ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិអូស្ត្រាលី ឈ្មោះ ពេញ រិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ និង ឈ្មោះ សំរិទ្ធ ចាន់ចរិយា ភេទស្រី អាយុ៣០ឆ្នាំ ។

សមត្ថកិច្ច បញ្ជាក់ថា នៅពេលដែលបណ្តាប្រទេសដទៃចេញច្បាប់បិទមិនឲ្យមានការជួលស្រី្តពពោះដើម្បីកើតកូនជំនួស បណ្តាញជំនួញនេះបានហូរចូលកម្ពុជា ហើយបង្កើតមេខ្យល់ឲ្យដើរលួងលោម អូសទាញ ស្ត្រីឲ្យរកស៊ីឈ្នួល ពពោះជំនួសអ្នកដែលចង់បានកូន ហើយរហូតដល់ក្រុមមនុស្សប្រុសស្រលាញ់ប្រុសដូចគ្នាចង់បានកូន ក៏មកកម្ពុជារកកូនដែរ ។

ជំនួញមួយនេះ ធ្វើឲ្យពួកឈ្មួញចំណេញកប់ពពក អ្នកចង់បានកូនត្រូវចំណាយ៥ម៉ឺនដុល្លារអាមេរិក ៕ចេស្តា


ចែករំលែក៖