ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបបទល្មើសនេសាទ និងអប់រំប្រជានេសាទនារដូវបិទនេសាទ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ ស្នាក់ការសន្តិសុខ B.5 ចូលរួមការពារ និងបង្រ្កាបបទល្មើសនេសាទ រួមទាំងបានអប់រំដល់ប្រជានេសាទនារដូវបិទនេសាទ ជាមួយកម្លាំងចំរុះខេត្តពោធិ៍សាត់។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅចំណុចបឹងទន្លេសាប ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ទោ ឌុច សម្ភស្ស ប្រធានមន្ទីរប្រតិបត្តិការនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់បានឲ្យដឹងថា លទ្ធផល៖ ក្នុងការបង្រ្កាបបទល្មើសនេសាទខាងលើ ប្រភេទឧបករណ៍រួមផ្សំហៅ(របាំងសាច់អួន)ចំនួន ០២ខ្សែ ស្នើរនឹងប្រវែងចំនួន ៤៨០ម៉ែត្រ ក្បាល(ប)ចំនួន ០២គ្រឿង បង្គោលចំនួន ១៩៥ដើម និងចាក់លែងត្រីចំរុះចូលក្នុងទឹកបឹងទន្លេសាបវិញចំនួន ១៨គីឡូក្រាមផងដែរ។

លោក វរសេនីយ៍ទោ ឌុច សម្ភស្ស ប្រធានមន្ទីរប្រតិបត្តិការបន្តថា វត្ថុតាងជាលទ្ធផលក្នុងការបង្រ្កាបបទល្មើសនេសាទនេះ កម្លាំងសម្រេចបំផ្លាញចោលនៅនឹងកន្លែង ចំណែកជនសង្ស័យប្រព្រិត្តបទល្មើសនេសាទ ប្រើប្រាសឧបករណ៍ដូចបានរាបរបខាងលើបានរត់គេចខ្លួន។

លោក វរសេនីយ៍ទោ បន្តទៀតថា ក្នុងកិច្ចប្រតិបត្តិការខាងលើនោះដែរ កម្លាំងបានណែនាំអប់រំដល់ប្រជានេសាទនៅលើផ្ទៃទឹកបឹងទន្លេសាបចំនួន ៤៤នាក់ផងដែរ ដោយពាក់ព័ន្ធនឹងការប្រើប្រាសឧបករណ៍ចាប់ត្រីខុសច្បាប់ស្តីពីរដ្ឋបាលជលផល ខណៈដែលរដូវនេះជារដូវបិតនេសាទដើម្បីទុកលទ្ធភាពឲ្យត្រីពងកូន។ល។ ហើយកម្លាំងចំរុះសន្យាចុះមកឃ្លាំមើល និងបង្រ្កាបជាបន្តបន្ទាប់ទៀតនាភូមិសាស្រ្តរដ្ឋខេត្តពោធិ៍សាត់ ហើយក៏នឹងមាននីតិវិធីក្នុងករណីជនណាមិនអនុវត្ត និងរាងចាល បន្ទាប់ពីណែនាំអប់រំហើយនោះ៕ ប៉ឹម ពិន


ចែករំលែក៖