ព័ត៌មានទាន់ហេតុការណ៍៖

ឆ្មក់បង្ក្រាបកន្លែងកត់កន្ទុយលេខនៅក្នុងផ្សារស្ទឹងមានជ័យថ្មី

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យសហការនឹងកម្លាំងព្រហ្មស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ បានឆ្មក់ចូលបង្ក្រាបទីតាំងលួចបន្លំកត់កន្ទុយលេខវៀតណាមខុសច្បាប់នៅក្នុងផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយ ក្នុងនោះមនុស្ស៦នាក់ត្រូវបានឃាត់ខ្លួនផងដែរ។

លោក ម៉ៅ សាវឿន នាយនគរបាលប៉ុសិ៍្តរដ្ឋបាលស្តឹងមានជ័យបានឲ្យដឹងថា នៅរសៀលថ្ងៃទី៣សីហានេះកម្លាំងនគរបាលប៉ុសិ៍្តបានសហការនឹងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានដឹកនាំដោយលោកក្រឡាបញ្ជី លឹម ស៊ាង ហៃ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សៀង សុខ ព្រមទាំង មានការចូលរួមដឹកនាំផ្ទាល់ពីសំណាក់លោកវរសេនីយ៍ទោ សុខ ណាត នាយរងការិយាល័យ ចុះបង្ក្រាបទីតាំងកន្ទុយលេខវៀតណាមខុសច្បាប់នៅក្នុងផ្សារស្ទឹងមានជ័យថ្មី។

លោកថា ក្នុងនោះសមត្ថកិច្ចយើងបានឃាត់ខ្លួនមនុស្ស៦នាក់ប្រុស២ និងស្រី៤នាក់ ហើយត្រូវបានបញ្ជូនទៅកាន់ការិយាល័យកំរិតស្រាលក្រុងចាត់ការបន្តទៅតាមនីតិវិធី៕ តាឡឹម


ចែករំលែក៖