ព័ត៌មានទាន់ហេតុការណ៍៖

តុលាការចេញដីកាបញ្ជាឲ្យលោក ម៉ន ផល្លា ប្រធានប្រតិបត្តិ CNRP ចូលខ្លួនជាលើកទី២ ដើម្បីសាកសួរករណីហិង្សាដោយចេតនាលើយុវជនម្នាក់

ចែករំលែក៖

ភ្នំពេញ៖ លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែសីហា ចេញដីកាបញ្ជាឲ្យចូលខ្លួនជាលើកទី២ ឲ្យលោក ម៉ន ផល្លា ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ដើម្បីសាកសួរពីដំណើររឿង”ហិង្សាដោយចេតនាមានស្ថានទម្ងន់”លើយុវជនម្នាក់ ។

មន្ត្រីតុលាការ ថ្លែងថា ដីកាបញ្ជាឲ្យចូលខ្លួនជាលើកទី២ នេះ គឺ មិនកំណត់ថ្ងៃចូលខ្លួនច្បាស់លាស់ទេ រហូតមានការសម្រេចជាថ្មី។

លោក ម៉ន ផល្លា អាយុ៤២ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ 3Eo ផ្លូវលេខ15C ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

គួររំលឹកថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ បុរសរងគ្រោះម្នាក់ត្រូវបានក្រុមសកម្មជន គណបក្សសង្គ្រោះជាតិប្រមាណ១០នាក់ បានព្រួតវាយធ្វើបាប គ្រាន់តែបើកម៉ូតូឆ្លងកាត់ក្បួនដង្ហែបក្សរបស់ពួកគេ បណ្តាលឲ្យជាំហើមភ្នែកខាងឆ្វេងក្បាល និងលើខ្លួនប្រាណជាច្រើនកន្លែង។

ក្រោយមកនៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ បុរសរងគ្រោះ បានដាក់ពាក្យប្តឹងក្រុមអ្នកគាំទ្រគណបក្ស សង្រ្គោះជាតិទាំងនេះ នៅប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលបានវាយទាត់ធាត់លើរូបគាត់៕ចេស្តា


ចែករំលែក៖