ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ណាហ្គាវើល បានប្រកាសឧបត្ថម្ភថវិកានិងឯកសណ្ឋានកីឡាដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងអត្តពលិកកម្ពុជាក្នុងយុទ្ធនាការឆ្ពោះទៅរកមេដាយមាស នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅទីក្រុងកូឡាឡាំពូ ប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ ។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន “ណាហ្គាវើល ដំណើរឆ្ពោះទៅរកមេដាយមាស និងពិធីបង្ហាញឯកសណ្ឋានកីឡានៃក្រុមកីឡាកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម” នៅផ្សារទំនើបក្រោមដីណាហ្គាស៊ីធីវ៉ក ។ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោក នុត សាអាន រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាអនុប្រធានទី ១ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈគ្រប់គ្រងណាហ្គាវើល អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ។
ណាហ្គាវើលជាក្រុមហ៊ុនមួយដែលបានឧបត្ថម្ភដល់អត្តពលិកកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាសំខាន់ៗជាច្រើនចាប់តាំងពីឆ្នាំ ២០១១ ព្រមទាំងបានឧបត្ថម្ភក្រុមកីឡាកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម អាស៊ានហ្គេម និងព្រឹត្តិការណ៍អូឡាំពិកហ្គេមផងដែរ ។ ក្នុងឆ្នាំនេះដែរ មានអត្តពលិក មន្ត្រីដឹកនាំ និងគ្រូបង្វឹកសរុបជាច្រើនរយនាក់តំណាងឲ្យប្រទេសកម្ពុជា ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ២៩ ក្នុងទីក្រុងកួឡាឡាំពួរប្រទេសម៉ាឡេស៊ីពីថ្ងៃទី ១៩ ដល់ ៣១ ខែសីហា ឆ្នាំ ២០១៧ ក្នុងនោះ ណាហ្គាវើលបានឧបត្ថម្ភឈុតឯកសណ្ឋានដល់អត្តពលិក មន្ត្រីដឹកនាំ និងគ្រូបង្វឹកនៅអាវយឺត អាវយឺតប៉ូឡូ អាវក្រៅ ខោកីឡាខ្លី ខោកីឡាវែង មួក និងកាបូបស្ពាយជាដើម។
តមណាងណាហ្គាវើលបានឲ្យដឹងថា ប្រាក់រង្វាន់នេះគឺជាផ្នែកមួយក្នុងដំណើរឆ្ពោះទៅរកមេដាយមាស ណាហ្គាវើលនឹងឧបត្ថម្ភជាទឹកប្រាក់ ចំនួន៣០០០ ដុល្លារអាមេរិកដល់កីឡាករ/កីឡាការិនី ដណ្តើមបានមេដាយមាសឯក្តជន និង ៥០០០ ដុល្លារអាមេរិកដល់ក្រុមកីឡា ដែលដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ព្រមទាំងឧបត្ថម្ភ ៥០០ ដុល្លារអាមេរិកដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសម្រាប់ការឈ្នះមេដាយនីមួយៗផងដែរ៕
អត្ថបទ៖ សារីម