ខេត្តកណ្តាល៖ លោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី៩ ខែសីហា សម្រេចឃុំខ្លួនជនត្រូវចោទពីរនាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ”ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន”តាមមាត្រា៤០ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
ជនសង្ស័យទាំងពីរនាក់ ត្រូវបាននគរបាលស្រុកស្អាង ដឹកនាំបង្ក្រាបផ្ទាល់ពីលោកវរសេនីយ៍ សេង សុជាតិ ជាអធិការនគរបាលស្រុកស្អាង ឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែសីហា នៅចំណុចភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ។
លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាង ថ្លែងថា ជនសង្ស័យឈ្មោះ ផា ណុប ហៅតុប អាយុ២២ឆ្នាំ មុខរបរកសិករ និងឈ្មោះ សុខ ណាត ហៅត្រេន អាយុ២៣ឆ្នាំ មុខរបរកសិករ ។
វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សសង្ស័យថាជាសារធាតុញៀនម៉ាទឹកកកចំនួន២៦កញ្ចប់ និងឧបករណ៍បទល្មើសមួយចំនួនទៀត ។
លោកអធិការ បន្តថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង។ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ បានចុះទៅដល់ចំណុចកើតហេតុ មានកម្លាំងសមត្ថកិច្ចនគរបាល បានឃាត់និងធ្វើការត្រួតពិនិត្យជនសង្ស័យ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ សារភាពថា ខ្លួនចូលលុយគ្នាបានចំនួន២០ម៉ឺនរៀល ទិញគ្រឿងញៀនចំនួន២៦កញ្ចប់តូច ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចភូមិ វាលខ្សាច់ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ដើម្បីយកទៅលក់បន្ត៕ ចេស្តា