ព័ត៌មានទាន់ហេតុការណ៍៖

ការចាក់ទឹកលើផ្លូវនិងកសាងផ្ទះតូបលក់អីវ៉ានរំលោភចំណីផ្លូវចាក់បេតុងបិទប្រព័ន្ធលូរំដោះទឹកភ្លៀងពីសំណាក់អាជីវករផ្សារកណ្តាល ក្រុងប៉ោយប៉ែត បណ្តាលឲ្យទឹកដក់លើផ្លូវរងការខូចខាតផ្លូវជាតិជាង១០០ម៉ែត្រ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ការចាក់ទឹកលើផ្លូវ និងកសាងផ្ទះ តូប លក់អីវ៉ាន់ រំលោភចំណីផ្លូវ និងបានចាក់បេតុងបិទប្រព័ន្ធលូរំដោះទឹកភ្លៀងពីសំណាក់អាជីវករលក់ដូរនៅអមសងខាងផ្លូវជាតិលេខ៥ បង្កឲ្យទឹកដក់លើផ្លូវនៅចំណុចផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បណ្តាលឲ្យផ្លូវជាតិលេខ៥ រងការខូចខាតយ៉ាងធ្ងន់ជាង១០០ម៉ែត្រ នៅចំណុចខាងមុខផ្សារកណ្តាល ក្រុងប៉ោយប៉ែតនោះតែម្តង។

បញ្ហានាំឲ្យរងការខូចខាតកំណាត់ផ្លូវជាតិលេខ៥ និងការកសាងរំលោភចំណីផ្លូវសម្រាប់ធ្វើអាជីវកម្ម ស្ថិតនៅចំណុចផ្សារកណ្តាលនោះ ធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ឆ្លងកាត់នៅចំណុចផ្សារកណ្តាល បានជួបនូវការកកស្ទះចរាចរណ៍ជាច្រចាំ។

បញ្ហានោះហើយ គេសង្កេតឃើញ អាជ្ញាធរក្រុងប៉ោយប៉ែត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានប្រញាប់ចុះទៅសម្របសម្រួលជាមួយអាជីវករនៅចំណុចផ្សារកណ្តាល និងបានចាប់ផ្តើមជួសជុលកំណាត់ផ្លូវជាតិរងការខូចខាតឡើងវិញ ប្រវែងជាង១០០ម៉ែត្រ កាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាលរដ្ឋ និងភ្ញៀវទេសចរណ៍មានភាពល្អប្រសើរ និងថែមទាំងកែសម្រួលជីកដាក់ប្រព័ន្ធលូថ្មីរំដោះទឹកភ្លៀង ដែលមានប្រវែងទាំងសងខាងផ្លូវជាតិ៥សរុប៩០០ម៉ែត្រ។

លោក សុក ចាន់ថា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប្រាប់ឲ្យដឹងថា ការកសាងធ្វើលូថ្មីរំដោះទឹកភ្លៀងប្រវែង៩០០ម៉ែត្រ និងកសាងជួសជុលផ្លូវរងការខូចខាតជាង១០០ម៉ែត្រជាថវិការបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងចំណាយជាង៣០០លានរៀល។

លោកប្រាប់ឲ្យដឹងទៀតថា មូលហេតុដែលនាំឲ្យកកស្ទះប្រព័ន្ធទឹកហូរ និងខូចខាតផ្លូវ ដោយសារប្រជាពលរដ្ឋបាននាំគ្នាកសាងតូប កសាងផ្ទះចាក់បេតុងខ្ពស់ជាងផ្លូវជាតិ និងបានចាក់បេតុងបិទប្រព័ន្ធលូរំដោះទឹកភ្លៀង នាំឲ្យទឹកភ្លៀងដក់ និងហូរកាត់ផ្លូវជាតិ ទើបធ្វើឲ្យផ្លូវជាតិនៅចំណុចផ្សារកណ្តាលរងការខូចខាតតែម្តង។

លោកបញ្ជាក់ឲ្យដឹងទៀតថា ការកសាងប្រព័ន្ធលូថ្មីបានជោគជ័យ ត្រូវឲ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរក្រុង និងមន្ទីរជំនាញ ពីព្រោះត្រូវជីកកកាយដីដាក់លូកាត់ខាងមុខផ្ទះ និងតូបរបស់ប្រជាពលរដ្ឋនៅចំណុចផ្សារកណ្តាល ទើបដោះស្រាយបញ្ហានោះបាន៕ សំ វិច្ឆិកា


ចែករំលែក៖