ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកថ្មក្រុមហ៊ុនធ្វើផ្លូវបើកបុកម៉ូតូដឹកក្មេងសិស្សសាលាចេញពីរៀន៤នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្មេសសិស្សលាសា៣នាក់ និងយុវជនម្នាក់ទៀតអ្នកបើកម៉ូតូសរុប៤នាក់ បានទទួលរងរបួសធ្ងន់ ខណៈដែលមានរថយន្តមួយគ្រឿងដឹកផ្ទុកថ្មធ្វើផ្លូវជាតិលេខ៥៨ បានបើកបុកម៉ូតូក្មេងរងគ្រោះ ដែលចេញពីសាលារៀនពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសបែបនោះតែម្តង។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នៅចណុចផ្លូវបែកច្រកអូរបីជាន់ ស្ថិតភូមិអូបីជាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពព័ត៌មានអ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់បានជិះម៉ូតូដឹកផ្ទុកក្មេងស្រី៣នាក់ចេញពីសាលារៀន លុះធ្វើដំណើរដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញរថយន្តដឹកថ្មធុនធំ១គ្រឿងបើកយ៉ាងលឿនក្នុងទិសដៅពីត្បូងមកជើង ហើយក៏ជ្រុលបុកម៉ូតូក្មេងរងគ្រោះពេញទំហឹងបណ្តាលឲ្យអ្នកជិះលើម៉ូតូ៤នាក់ទទួលរងរបួសធ្ងន់។

ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ ក៏ប៉ុន្តែសមត្ថកិច្ចកំពុងដេញតាមច្បាប់រថយន្តបង្កនោះហើយ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងទៀតថា ក្រោយពីកើតហេតុជនរងគ្រោះ៤នាក់ ក៏ត្រូវបានអ្នកភូមិដឹកបញ្ជូនយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យ តែប្រជាពលរដ្ឋនិយាយថា ពួកគេទាំង៤នាក់រងរបួសមានសង្ឃឹមតិចតួចណាស់នៅរស់រៀនមានជីវិត។

ក្មេងរងគ្រោះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ៕ សំ វិច្ឆិកា


ចែករំលែក៖