ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុនឯកជនម្នាក់ ត្រូវបានថៅកែរបស់ខ្លួនប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនចោទប្រកាន់ពីបទរំលោកទំនុកចិត្ត លួចយកលុយក្រុមហ៊ុនទៅចាយវាយគ្មានការអនុញាត ជាច្រើនពាន់ដុល្លារនាពេលកន្លង ប៉ុន្តែទើបតែស្រាវជ្រាវដឹងរឿងក៏ប្តឹងឃាត់ខ្លួនតែម្តង នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនជាប់ចោទឈ្មោះ យាន ផានិត ហៅនិត ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន KCV ផ្នែកទីផ្សារលក់បោះដុំ មានទីលំនៅផ្ទះលេខ៤៥ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោក ឡេង វិវឌ្ឍន៍ អាយុ៤២ឆ្នាំមានទីលំនៅ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌ ទួលគោក ជាប្រធានរដ្ឋបាលក្រុមហ៊ុនKCV និងជាតំណាងរបស់ថៅកែក្រុមហ៊ុននេះ បានប្តឹងសមត្ថកិច្ចថា ឈ្មោះ យាន ផានិតនេះបានចូលបំរើការងារក្រុមហ៊ុនKCVនៅចុងខែកញ្ញា ឆ្នាំ២០១៦ ទទួលបន្ទុកផ្នែកទីផ្សារ លក់បោះដុំ ។
តំណាងក្រុមហ៊ុន បានបញ្ជាក់ថា លុះនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ជននេះបានយកលុយពីអតិថិជន ថ្លៃលក់ទឹកផ្លែឈើបោះដុំ ជាច្រើននាក់ហើយបានប្រើល្បិចកុហកដោយយកវិក័យប័ត្រពីអតិថិជននោះមកឲ្យក្រុមហ៊ុនវិញប្រាប់ថា អតិជន (ម៉ូយ)សុំជំពាក់សិន ។
ប្រភពដែលបានបន្តថា ដោយសារក្រុមហ៊ុនបាត់លុយចំណេញច្រើនដោយសារម៉ូយជំពាក់ មានការសង្ស័យខាងក្រុមហ៊ុនបានប្រើបុគ្គលិកផ្សេងឲ្យទៅសួរនាំដល់អតិជនដែលមានឈ្មោះជំពាក់លុយនោះ ទើបបែកធ្លាយ ដែលអតិជនទាំងបង្ហាញភស្តុតាងថា បានប្រគល់លុយឲ្យគ្រប់អស់ហើយមិនមានជំពាក់ទេ។
ក្រោយផ្ទៀងផ្ទាត់របាយការណ៍ បានរកឃើញថា ឈ្មោះ យាន ផានិត បានប្រមូលលុយពីអតិថិជនយកមកចាយវាយគ្មានការអនុញាត អស់ចំនួន២៩១៩ដុល្លារ ទើបរាយការណ៍ប្រាប់ថៅកែ ហើយថៅកែបានផ្តល់សិទ្ឋឲ្យឈ្មោះ ឡេង វិវឌ្ឍន៍ធ្វើជាតំណាង ប្តឹង ចោទប្រកាន់ឈ្មោះ យាន ផានិត ចាត់ការទៅតាមផ្លូវច្បាប់។
ចំណែកឈ្មោះ យាន ផានិត ដំបូងបានប្រកែកដោះសារ ប៉ុន្តែនៅពេលគេបង្ហាញភស្តុតាង និងសាក្សីទើបឈប់ប្រកែក និងព្រមទទួលស្គាល់កំហុស ប៉ុន្តែវាហួសពេលទៅហើយ ដោយសារក្រុមហ៊ុន ធ្វើនេះក៏ដើម្បីព្រមានដល់បុគ្គលិកផ្សេងៗទៀត ត្រូវមើលគំរូចំពោះលទ្ឋផលនៃអ្នកក្បត់ ឬមិនស្មោះត្រង់ចំពោះក្រុមហ៊ុន៕ តុង សីហា