ព័ត៌មានទាន់ហេតុការណ៍៖

សុភ័ក្រ កុសុម៉ា នឹងចេញទៅច្រៀងរាំនៅអូស្ត្រាលី និងជប៉ុន

ចែករំលែក៖

ភ្នំពេញ៖ សន្ទុះនៃការគាំទ្រមួយរយៈចុងក្រោយលើតារាចម្រៀង សុភ័ក្រ កុសុម៉ា ហាក់ហក់ឡើងខ្ពស់ ក្រោយនាង ទទួលបានការឱកាសច្រើនក្នុងការកាន់ការងារជាពិធីករក្នុងកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ល្បីៗក្នុងស្រុក។ តារាចម្រៀងរូបនេះ ក៏បានត្រៀមខ្លួនចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសជប៉ុន និងអូស្រ្តាលីក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។

ក្នុងអំឡុងពាក់កណ្តាលខែសីហានេះ នាងនឹងចេញដំណើរទៅច្រៀងរាំលើទឹកដីនៃប្រទេសជប៉ុន ជាមួយនឹងតារាចម្រៀងប្រុសស្រីមួយចំនួនទៀត ហើយការចេញដំណើរនៅពេលនេះ គឺច្រៀងដើម្បីស្វែងរកថវិកាជួយកសាងវត្តមួយនៅប្រទេសជប៉ុននោះតែម្តង ដែលជាវត្ត មានប្រជាពលរដ្ឋខ្មែរនិយមទៅចូលរួមនិងរួមគ្នាកសាងច្រើន។ នេះបើតាមការបញ្ជាក់ពី សុភ័ក្រ កុសុមា ។

នាងបន្តថា ក្នុងរយៈពេល១០ថ្ងៃនៅទីនោះ នាងនឹងចូលរួមកម្មវិធីប្រគំតន្ត្រីជាច្រើនបន្តបន្ទាប់ដើម្បីធ្វើយ៉ាងណាឲ្យគម្រោងនៃការប្រមូលបច្ច័យកសាងវត្តនេះទទួលបានជោគជ័យ។

នាងបញ្ជាក់ដែរថា ការងារសិល្បៈក្នុងស្រុកនាងពិតជារវល់ច្រើនមួយរយៈចុងក្រោយទាំងការងារជាពិធីករនៅ ទូរទស្សន៍ My TV និងទូរទស្សន៍បាយ័ន ប៉ុន្តែនាងត្រូវតែឆ្លៀតពេលដើម្បីចេញដំណើរទៅច្រៀងរាំនៅក្រៅស្រុកដែលមិនត្រឹមតែជាកិច្ចការងារសង្គម និងអាចស្វែងរកថវិកាបានទេ គឺអាចមានពេលដើម្បីលម្ហែអារម្មណ៍បានច្រើនផងដែរ។

នាងបន្តថា នៅអំឡុងខែវិច្ឆិកាឆ្នាំនេះដែរនាងក៏គ្រោងនឹងចេញទៅសម្តែងនៅលើទឹកដីនៃប្រទេសអូស្ត្រាលីផងដែរ ស្របតាមការសំណូមពររបស់ប្រជាពលរដ្ឋខ្មែររស់នៅទីនោះដែលធ្លាប់បានទិញសំបុត្រចូលរាំកម្សាន្ត និងទស្សនាការសម្តែងសិល្បៈរបស់នាងនិងសិល្បករខ្មែរ។ នាងថា នាងបានត្រៀមរួចជាស្រេចទាំងសំលៀកបំពាក់ និងបទចម្រៀងជាច្រើនបទដើម្បីច្រៀងជូនដល់ប្រជាជនខ្មែររស់នៅទីនោះ។

ទោះជាយ៉ាងណានាងរំពឹងថាក្រោយវិលត្រឡប់មកពីប្រទេសជប៉ុន និង អូស្ត្រាលីវិញ នាងនៅតែទទួលបានឱកាសការងារច្រើនបន្តទៀត ហើយក៏រំពឹងដែរថាដំណើរចេញទៅច្រៀងរាំលើកនេះទាំងពីប្រទេសនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនជាក់ជាមិនខាន៕ វឌ្ឍនា


ចែករំលែក៖