ព័ត៌មានទាន់ហេតុការណ៍៖

សុគន្ធ និសា ថា ឆ្លងកាត់ការលំបាកច្រើនក្នុងរឿង«សិសិររដូវបេះដូង»

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីបញ្ចប់ការផលិតភាពយន្តភាគលើកដំបូងរបស់ខ្លួន ផលិតកម្មហង្សមាស បានទម្លាយអំពីភាពយន្តមួយនេះ ដែលត្រៀមដាក់បញ្ចាំង។

តារាចម្រៀង សុគន្ធ នីសា ដែលជាតួឯកក្នុងរឿងនេះ បានបង្ហាញពីអារម្មណ៍រីករាយ នឹងស្នាដៃសម្តែងគឺរឿង«សិសិររដូវក្នុងបេះដូង» ប៉ុន្តែនាងថា ស្នាដៃថ្មីនេះមិនមែនជាការងាយស្រួលប៉ុន្មានទេ គឺឆ្លងកាត់ការលំបាកច្រើន។

រឿង“សិសិររដូវក្នុងបេះដូង”គឺជាខ្សែភាពយន្តផលិតឡើងវិញ ពីរឿងភាគទូរទស្សន៍ដ៏ល្បីរបស់កូរ៉េខាងត្បូង Autumn In My Heart ហើយរឿងនេះ ក៏ត្រូវបានបណ្តាប្រទេសជាច្រើនដូចជាចិន ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន ទួរគីបានយកមកផលិតឡើងវិញ និងទទួលបានការគាំទ្រយ៉ាងខ្លាំង។

ទូរទស្សន៍ហង្សមាសបានទទួលសិទ្ធិផ្តាច់មុខ និងសហការជាមួយទូរទស្សន៍ KBS យកមកផលិតឡើងវិញជារឿង “សិសិររដូវក្នុងបេះដូង” ដោយមានការចូលរួមសម្តែងពីតារាល្បីៗ ដូចជាសុគន្ធនិសា ឆន សុវណ្ណារាជ ហ្សូណូ និងតារាសម្តែងដែលមានប្រជាប្រិយភាពច្រើនរូបទៀត។

រឿង“សិសិររដូវក្នុងបេះដូង”នេះ មានសរុប២៤ភាគហើយ ទីតាំងភាគច្រើនថតនៅក្នុងទឹកដីខេត្តកោះកុង តម្រូវទៅតាមសាច់រឿង។

សុគន្ធ និសា បានត្អូញថា នាងមានការលំបាកច្រើនក្នុងការថតរឿងនេះ មិនមែនដូចការថតMV បទចម្រៀងនោះទេ គឺខុសគ្នាឆ្ងាយ។

នាងបនុ្តថា រឿងនេះពិតជាឆ្លងកាត់ការសំបាកច្រើនទម្រាំនឹងបញ្ចប់ការថត គឺក្រុមការងារគ្រប់គ្នាសុទ្ធតែលះបង់ ហើយឆ្លងកាត់ការប្រឹងប្រែងអស់ពីលទ្ធភាពនេះ សុគន្ធ និសា មានជំនឿចិត្តថា នៅពេលដែលរឿងថ្មីរបស់នាងត្រូវបានដាក់បញ្ចាំងនៅប៉ុស្តិ៍ហង្សមាសនោះនាងនឹងទទួលបានការគាំទ្រខ្លាំង។

លោក ខាំ ភូរិ ដែលជាអ្នកដឹកនាំរឿងបានបញ្ជាក់ថា ភាពយន្តនេះតិចភាគ ប៉ុន្តែចំណាយពេលប្រមាណ៧ខែ ទើបចប់ ព្រោះតែការសម្រិតសម្រាំងខ្លាំងមុនពេលដាក់បញ្ចាំងនៅទូរទស្សន៍ហង្សមាសនៅអំឡុងដើមខែកញ្ញា ឆ្នាំ២០១៧នេះ។

លោកថា សុគន្ធនិសា និងឆន សុវណ្ណរាជជាដៃគូដែលសម្តែងមានការស៊ីចង្វាក់គ្នាល្អណាស់ហើយ ក៏ជាតួអង្គដែលលោកស្រមៃថាឱ្យពួកគេចាប់ដៃគូជាយូរមកហើយដែរ។

លោកថា អ្វីដែលលំបាកគឺទីតាំងថត និងការសម្រិតសម្រាំងផលិតដើម្បីប្រាកដថាជារឿងដែលមានគុណភាព៕ វឌ្ឍនា


ចែករំលែក៖