ខេត្តត្បូងឃ្មុំ៖ ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ពេលដែលទៅមើលទឹកស្រែហើយមេឃកំពុងមានភ្លៀងខ្លាំងលាយដោយផ្គរន្ទះ។
ហេតុការនេះ កើតឡើងវេលាម៉ោង ១៥ និង ៤៧ នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នៅភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ អ៊ុន ស្វិត អាយុ ៤៧ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានស្លាប់ដោយសាររន្ទះបាញ់ ខណៈទៅមើលទឹកស្រែរបស់ខ្លួនកំពុងមានភ្លៀងធ្លាក់ខ្លាំង និងមានផ្គររន្ទះ ។
ករណីនេះបន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកនាយប៉ុស្តិ៍ និងកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុភ្លាមដើម្បីស្រាវជ្រាវនិងពិនិត្យទៅលើសាកសព ។ ក្រោយពីបានពិនិត្យទៅលើសាកសពរួចរាល់ឃើញថា មិនមានស្លាកស្នាមដែលគួរឲ្យសង្ស័យជាមួយករណីឃាតកម្មឡើយ ។
បច្ចុប្បន្នសាកសពត្រូវបានកម្លាំងជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណីជាតិខ្មែរ ៕ វណ្ណៈ