ខេត្តសៀមរាប៖ ប្រជាពលរដ្ឋនៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទ ជាប់នឹងក្រុងសៀមរាប ស្នើសុំអាជ្ញាធរខេត្តសៀមរាប ជួយតបណ្ដាញភ្លើងអគ្គីសនីរដ្នចូលក្នុងភូមិរបស់ខ្លួនផងខណះភ្លើងអគ្គីសនីឯកជនមានតំលៃថ្លៃខ្ពស់រហូតដល់ មួយគីឡូវាត់១៦០០រៀល បើប្រៀបធៀបភ្លើងរដ្ឋ តែជាង៦០០រៀលតែប៉ុណ្ណោះក្នុងមួយគីឡូវាត់ ។
លោក លឿម ចិន្ដានិង លោក គង់ ប៉ិច តំណាងពលរដ្ឋនៅក្នុងភូមិគោកធ្លក ឃុំកណ្ដែក បានប្រាប់នារសៀលថ្ងៃទី១០ ខែសីហានេះថា តម្លៃអគ្គីសនីនៅក្នុងភូមិរបស់លោក មានតម្លៃគុណនឹងបីដង បើប្រៀបធៀប ទៅនឹងតម្លៃភ្លើង របស់រដ្ឋ ហើយការប្រើប្រាស់តម្លៃភ្លើងឯកជនខ្ពស់កប់ពពករយៈពេលបីឆ្នាំមកហើយ ការប្រើប្រាស់វិញ មិនគ្រប់គ្រាន់នូវកម្លាំងថាមពល ពោលគឺឧស្សាហ៍ដាច់ញឹកញាប់ ដែលធ្វើឲ្យខូចសំភារៈប្រើប្រាស់ ដូចជា៖ ទូរសទ្សន៍ កង្ហារ និងទូទឹកកកជាដើម ដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់អ្នកភូមិខ្លាំងណាស់ ខណៈពលរដ្ឋនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ជាប់ព្រំប្រទល់គ្នាមានតម្លៃត្រឹមតែជាង៦០០រៀលក្នុងមួយគីឡូវាត់ តែប៉ុណ្ណោះ។
ដូច្នេះប្រជាពលរដ្ឋ សម្ដែងការខកចិត្ដ ដោយសារការរស់នៅក្បែរក្រុងសៀមរាបដែរ តែប្រើភ្លើងតម្លៃខ្ពស់កប់ពពកនេះជាច្រើនឆ្នាំមកហើយ ឯពលរដ្ឋនៅតំបន់ឆ្ងាយពីក្រុងសៀមរាប ពួកគាត់មានភ្លើងរដ្ឋប្រើប្រាស់គ្រប់គ្រាន់ និងមានតម្លៃថោកទៅវិញ ដូច្នេះពួកប្រជាពលរដ្ឋសុំសំណូមពរសុំឲ្យអាជ្ញាធរ អគ្គីសនី ខេត្តសៀមរាប មេត្តាជួយតបណ្ដាញភ្លើងរដ្ឋចូលដល់ភូមិចែកពលរដ្ឋប្រើផង ដើម្បីជួយកាត់បន្ថយការចំណាយខ្ពស់ ក្នុងជីវភាពប្រចាំថ្ងៃ។
ជុំវិញករណីខាងលើនេះ លោក គង់ ពុទ្ធី ប្រធានអគ្គីសនី ខេត្ដសៀមរាប បានមានប្រសាសន៍ថា តាមទូរស័ព្ទ ប្រាប់នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ថា លោកមិនទាន់បានទទួលព័ត៌មាននេះទេ សុំស្នើឲ្យមេភូមិនិងពលរដ្ឋទាំងអស់ ដាក់លិខិតស្នើសុំទៅអគ្គីសនី ដើម្បីងាយស្រួល ដល់មន្ដ្រីជំនាញ ចុះទៅសិក្ស ពីការលំបាក របស់បងប្អូនអ្នកភូមិផង៕ ប៊ុន រិទ្ធី