ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខេត្តបាត់ដំបងបញ្ជូនខ្លួនអតីតទណ្ឌិតធ្លាប់ជាប់គុក២ដងចូលទៅក្នុងគុកវិញជាលើកទី៣ពាក់ព័ន្ធបន្តលក់ចែកចាយគ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ អតីតទណ្ឌិតម្នាក់ធ្លាប់ជាប់គុក២ដងចេញមកវិញ មិនរាងចាលបន្តធ្វើសកម្មភាពលក់ចែកចាយគ្រឿងញៀនខុសច្បាប់ បានរងការចាប់ខ្លួនពីកម្លាំងអាវុធហត្ថខេត្តបាត់ដំបង។

អតីតទណ្ឌិតរូបនោះ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថខេត្តបាត់ដំបងចាប់បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ដើម្បីទៅដេកក្នុងគុកលើកទី៣។

ការបង្រ្កាបឃាត់ខ្លួនជនសង្ស័យអតីតទណ្ឌិតពាក់ព័ន្ធគ្រឿងញៀន កម្លាំងអាវុធហត្ថខេត្តបាត់ដំបងបានអនុវត្តតាមបញ្ជាផ្ទាល់ និងតាមផែនការដាក់ចេញយ៉ាងម៉ឺងម៉ាត់ដោយលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណៈ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្នុងការកាត់បន្ថយដោះស្រាយបញ្ហាគ្រឿងញៀន នៅខេត្តបាត់ដំបង កំពុងធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភនោះ។

ជនសង្ស័យអតីតទណ្ឌិតដែលមានឈ្មោះ កែ យសសក្តិ ភេទប្រុសអាយុ៣២ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរងការចាប់ខ្លួនកាលពីវេលាម៉ោង១ រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាពលក់ចែកចាយគ្រឿងញៀនខុសច្បាប់នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង។

ជាមួយនិងការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចឆែកឆេររកឃើញដកហូតបានគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន៩ថង់តូចធំ ស្មើនឹងទម្ងន់៥៥.៥០ក្រាម។ គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់wy៣គ្រាប់ គ្រឿងញៀនកេតតាមីនចំនួន១កញ្ចប់ស្មើទម្ងន់០.៧២ក្រាម និងជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង។

សូមបញ្ជាក់ថាជនសង្ស័យអតីតទណ្ឌិតខាងលើបានធ្លាប់ជាប់គុក២លើកមកហើយ ក្នុងសកម្មភាពប្រព្រឹត្តបទល្មើសគ្រឿងញៀននោះផងដែរ។ ជននេះចេញពីក្នុងគុកបានប្រហែល២ទៅ៣ឆ្នាំ បន្តមកលួចលាក់ធ្វើសកម្មភាពលក់ចែកចាយគ្រឿងញៀនយ៉ាងសកម្មខ្លាំងជាងមុនថែមទៀតនៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង៕សំ វិច្ឆិកា


ចែករំលែក៖