ភ្នំពេញ៖ យុវជនឈាមរាវពីរនាក់ចិត្តខ្លាំង ខឹងគេបើករថយន្តជែងទៅមុខម៉ូតូរបស់ខ្លួន ក៏រើសយកដុំថ្មជិះតាមទៅគុបកញ្ចក់រថយន្តពីក្រោយបណ្តាលឲ្យបែក ហើយក៏ត្រូវប៉ូលិសតាមចាប់បានវាយខ្នោះ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប៉ូលិសបានប្រាប់ថា យុវជនបង្ករមានគ្នាពីរនាក់ ទី១មានឈ្មោះ ប៉ូច សុទ្ធារ៉ាក់ អាយុ១៧ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ និងទី២ ឈ្មោះ ធី យ៉ាឧស្សាហ៍ អាយុ១៧ឆ្នាំទី
កន្លែងកំណើត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៦អឺ០ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកម្ចាស់រថយន្តរងគ្រោះមានឈ្មោះ មុយ សម្បត្តិ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះលេខ២ ផ្លូវ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក និងមានស្រុកកំណើតភូមិត្រូពាំងចិក្សា ឃុំកំពង់ឆ្នាំង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ប្រភពពីម្ចាស់រថយន្តបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានបើករថយន្ត១គ្រឿងម៉ាក TOYOTA. PRIUS ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2S.0150 បើកចេញពីផ្ទះតាមបណ្តោយផ្លូវបេតុងខាងលើក្នុងទិសដៅពីកើតទៅលិច បំណងទៅសាលារៀន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DO.9439 ជិះគ្នា២នាក់នៅខាងមុខទិសដៅស្របគ្នាដោយពួកគេជិះនៅកណ្តាលផ្លូវពេលនោះគាត់ក៏បានបើករថយន្តគេចពីម៉ូតូនោះទៅមុខដោយមិនដឹងថា ពួកគេខឹងខ្លួននោះទេ។
លុះទៅដល់ផ្លូវបត់រូបគាត់ ក៏បន្ថយល្បឿនស្រាប់តែយុវជនឈាមរាវទាំងពីរនាក់នោះជិះម៉ូតូតាមមកពីក្រោយ យកដុំថ្មគុបកញ្ចក់រថយន្តគាត់បណ្តាលឲ្យបែកតែម្តង ហើយគាត់ក៏ឈប់ស្រែកឆោឡោឡើងធ្វើឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ច ដែលកំពុងល្បាតក្បែរនោះ បានចេញមកជួយអន្តរាគមន៍ចាប់បានជនបង្កទាំងពីរនាក់តែម្តង យកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
នៅចំពោះមុខសមត្ថកិច្ច យុវជនទាំង២នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពយកដុំថ្មគុបកញ្ចក់រថយន្តខាងលើពិតប្រាកដមែន ព្រោះគេខឹងនិងម្ចាស់រថយន្តនោះជិះកៀរម៉ូតូរបស់ពួកគេ។
បច្ចុប្បន្នយុវជនបង្កទាំងពីរនាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមនីតិវិធី៕ តុង សីហា