ភ្នំពេញ ៖ លោកពេជ្រ កែវមុនី អភិបាល នៃគណអភិបាលខណ្ឌមានជ័យ និងជាប្រធាន គណៈបញ្ជាការឯកភាពខណ្ឌ បានមានប្រសាសន៍ឲ្យដឹងថា ៖ បញ្ហាគ្រឿងញៀន និងល្បែងស៊ីសង គ្រប់ប្រភេទទាំងអស់ គឺជាដើមចមតែមួយគត់ នៃការបំផ្លិតបំផ្លាញធនធានមនុស្ស ក៏ដូចជាសង្គមជាតិ ទាំងមូល ឲ្យធ្លាក់ចុះដុនដាម ។
ការថ្លែងរបស់លោកអភិបាល ធ្វើឡើងកំឡុងការចុះរដ្ឋបាលត្រួត ពិនិត្រទីតាំងភូមិសាស្ត្រសំណង់អាណាធិបតេយ្យមិនរៀបរយ ក្បែរទីលានចាក់សំរាមចាស់ ស្ថិតក្នុង ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមាណជ័យ រាជធានីភ្នំពេញ ។
លោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍បន្តទៀតថា នាពេលបច្ចុប្បន្ននេះ ក្រោមការ ណែនាំ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវអនុសាសន៍ ជាច្រើនក្នុងការ បើកយុទ្ធនាការទប់សង្កាត់ ក៏ដូចជាបង្ក្រាបលើបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ី សងគ្រប់ប្រភេទនោះ យើងសង្គេតឃើញថា ប៉ុន្មានរយៈពេលក្រោយមកនេះបញ្ហាទាំងនេះ បានមានការ ថបថយចុះគួរឲ្យកត់សម្គាល់ និងជាទីមោទនភាពបំផុត ។
លោកបានបន្ថែមបន្តថា ៖ ខណ្ឌមានជ័យ គឺជាខណ្ឌមួយដែលបងប្អូនប្រជាទូទៅបានស្គាល់ហើយថា ជាខណ្ឌដែល មានតំបន់មិនរបៀបរៀបរយ និងមានភាពអាណាធិបតេយ្យជាច្រើន ដោយការរស់នៅរបស់បងប្អូន ពលរដ្ឋ គឺមានលាយលំជាមួយ បញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ីសង គ្រប់ប្រភេទ នេះបើយើង ក្រឡេកត្រលប់ស្រមៃកាលពីជាង ៥ឆ្នាំមុន មុនពេលដែលលោកមិនទាន់មក ឡើងធ្វើជាចៅហ្វាយខណ្ឌ ពិសេសតំបន់មួយចំនួនដូចជា តំបន់ភូមិព្រែកទាល់ខាងលើជាដើម ដែលជាតំបន់ស្មុគស្មាញបំផុត ។
លោកអភិបាលបានបញ្ជាក់ថា គ្រឿងញៀន គឺជាសារធាតុម្យ៉ាងដែលអាចពង្វក់អារម្មណ៍ និងស្មារតី របស់មនុស្សស្ទើរតែ១០០ភាគរយ រហូតមនុស្សមួយចំនួន ត្រូវរងគ្រោះសសៃប្រសាទដោយសារវាផង ដែរ ។ វាឲ្យធ្វើឲ្យមនុស្សម្នាក់ ក្លាយទៅជាមនុស្ស២ផ្សេងគ្នា ប្រសិនបើបុគ្គលនោះប្រើប្រាស់ វាហួសកម្រិត ដូចជាក្លាយជាមនុស្សឆេវឆៅ ចូលចិត្តប្រើប្រាស់ហិង្សា ខ្វះវិចារណៈញ្ញាណ ពិសេស ខ្វះភាពម្ចាស់ការលើខ្លួនឯងទាំងស្រុងតែម្តង ដែលជាហេតុធ្វើឲ្យសង្គមមនុស្សត្រូវធ្លាក់ចូលក្នុងភ្លក់ ភ្លើងដោយសារវា ដូច្នេះហើយ សូមបងប្អូននិយាយថា “ ទេ ” ចំពោះគ្រឿងញៀន ។
បន្ថែមពីនោះដែរ លោកក៏បានស្នើរ ដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងនគរបាល និងអាវុធហត្ថ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាបនូវល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាចំណុចស្នូល នៃការបង្កើតឲ្យ មានបទល្មើស លួច ឆក់ ប្លន់ និងពង្រឹងការបង្ក្រាបសកម្មភាព អសន្តិសុខផ្សេងៗជាច្រើនទៀត ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យរស់នៅប្រកបដោយភាព សុខុដុមរមនា ៕ តាឡឹម