ខេត្តតាកែវ៖ កាលពីដើមសប្ដាហ៍សមត្ថ កិច្ចប្រទេសវៀតណាមបានឃាត់ខ្លួនមន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រះបាទជាន់ជុំ មួយរូបពាក់ព័ន្ធករណីជួញដូរថ្នាំញៀន ចំនួន១គីឡូក្រាម។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅ ចំណុចច្រករបៀងយិនយ៉ា ខេត្តគៀនយ៉ាង ខ្មែរហៅថាច្រករបៀងកំណប់កែវ ស្ថិតនៅ ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹង ថា មន្រ្តីនគរបាលដែលសមត្ថកិច្ចប្រទេសវៀតណាមឃាត់ខ្លួនឈ្មោះ កូវ វុទ្ធី ភេទ ប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ជាមន្រ្តីនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រះបាទជាន់ ជុំ។
ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលឃាត់ខ្លួនជនសង្ស័យបានជិះម៉ូតូចូលទៅប្រទេសវៀតណាមតាមច្រកខាងលើ ដូចសព្វមួយដង ហើយក៏ត្រូវសមត្ថកិច្ច វៀតណាមឃាត់ខ្លួនដោយឆែកឆេររក ឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១ គីឡូក្រាម។
បើយោងតាមប្រពន្ធជនសង្ស័យឈ្មោះ ណា រ៉ែន អាយុ៤៦ឆ្នាំ បានឲ្យដឹងថា ប្ដី របស់ខ្លួនជាមន្រ្តីនគរបាលប៉ុស្ដិ៍ព្រះបាទ ជាន់ជុំ មានកូន២នាក់ ស្រីម្នាក់ ប្រុសម្នាក់ ហើយប្ដីរបស់គាត់បានលក់ប្រាក់ខែចំនួន៤ឆ្នាំ ដើម្បីយកលុយមកធ្វើផ្ទះ។ អ្នកស្រី មិនបានដឹងថាប្ដីខ្លួនជួញដូរថ្នាំញៀននោះ ទេ តែក្រោយពេលដឹងថាសមត្ថកិច្ចវៀតណាម ចាប់ប្តីពាក់ព័ន្ធនឹងគ្រឿងញៀន ទើបគាត់ រន្ធត់ស្ទើរថ្លើម និងអាណិតប្ដីមិនដឹងថាជួយ អ្វីបាននោះទេ។
ជុំវិញករណីខាងលើលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវបានឲ្យដឹងថា លោកទទួលបានដំណឹងខាងលើនេះរួច ហើយ តែមន្រ្តីនគរបាលដែលជាជនសង្ស័យ ត្រូវបានកាត់ឈ្មោះចេញពីមន្រ្តីនគរបាល រួចហើយៗមិនទាន់មានសេចក្ដីសម្រេចជា លាយលក្ខណ៍អក្សរនៅឡើយទេ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចខេត្តគៀនយ៉ាងប្រទេសវៀតណាម បន្ដនីតិវិធី ហើយជនសង្ស័យខាងលើអាចទទួលទោសប្រហារជីវិតផងក៏មិនដឹង៕ ភ្នំដា