ភ្នំពេញ៖ តារាសម្តែងភី ម៉ៃ ធ្លាប់បានធ្វើឲ្យអ្នកគាំទ្រលោកជាច្រើនភ្ញាក់ផ្អើល និងកោតសរសើរខ្លាំង ជាមួយនឹងគំនិត នៃការលេងម៉ូតសក់ខ្មែរពីជំនាន់បុរាណ ស្របពេលដែលទម្រង់មុខ របស់លោកហាក់សម នឹងម៉ូតសក់ទាំងនោះ បើទោះបីជាលោកមានវ័យចំណាស់បន្តិចក្តី ។ តារារូបនេះលើកឡើងថា ម៉ូតសក់ថ្មីដែលលោកទើបនឹងកាត់នេះ ហៅថា ម៉ូតកញ្ជើ ដែលជាម៉ូតសក់បុរាណខ្មែរ ហើយត្រូវបានអ្នកស្រាវជ្រាវខ្មែរប្រមូលចងក្រងឡើង។
តារាសម្តែងមាឌធំញញឹមស្រស់ភីម៉ៃបានធ្វើឲ្យអ្នកគាំទ្ររបស់លោកភ្ញាក់ផ្អើលនិងកោតសសើរខ្លាំងជាមួយនឹងម៉ូតសក់បុរាណថ្មីមួយទៀត។ម៉ូតសក់នេះត្រូវបានលោកលើកឡើងថាបានធ្វើការស្រាវជ្រាវនិងមានភស្តុតាងថាជាម៉ូតសក់ខ្មែរបុរាណហើយលោកក៏កាត់សក់ម៉ូតថ្មីនេះដើម្បីចូលរួមថតភាពយន្តថ្មីមួយផងដែរ។លោកថាទម្រាំនឹងច្នៃបានម៉ូតនេះគឺត្រូវបញ្ជាជាងកាត់សក់ចំណាយ ពេលច្រើនទើបសម្រេចបានម៉ូតនេះ។
លោកថាកន្លងមកលោកធ្លាប់ឲ្យជាងច្នៃម៉ូតបុរាណខ្មែរមួយចំនួនដូចជាម៉ូត កោជុក ជុកកំប៉ោយ ជាដើម។ តារាសម្តែងដែលកំពុងមានទីផ្សារថតភាពយន្តខ្ពស់រូបនេះបញ្ជាក់ថា ការច្នៃម៉ូតនេះក៏តម្រូវសម្រាប់ចូលរួមថតភាពយន្តខ្នាតធំថ្មីមួយដែលលោកសុំមិនបញ្ចេញចំណងជើងផងដែរ។ លោកថា ជារឿងបុរាណមិនត្រឹមតែម៉ូតសក់នេះទេគឺទាំងសម្លៀកបំពាក់ គ្រឿងតុបតែងខ្លួនក៏ត្រូវតែស៊ីគ្នាគ្រប់ផ្នែកដែរ។ លោកថាក្រៅពីម៉ូតសក់កញ្ជើនេះលោកក៏ត្រៀមបង្ហាញម៉ូតសក់ខ្មែរបុរាណថ្មីមួយនៅពេលខាងមុខនេះដែរគឺម៉ូត”ស្លាបចាប”។
លោកថា ការច្នៃម៉ូតនេះគឺមិនមែនត្រឹមតែភាពស្រស់ស្អាតទាក់ទាញអ្នកគាំទ្រទេ ប៉ុន្តែវាគឺឆ្លុះបញ្ចាំងពីការចូលរួម អភិរក្ស ការថែរក្សា ស្នាដៃសិល្បៈវប្បធម៌ និងបង្ហាញឲ្យមហាជនបានស្គាល់និងដឹងពីម៉ូតសក់របស់ខ្មែរផងដែរ គឺមិនមែនជាម៉ូតរបស់ប្រទេសថៃដូចការលើកឡើងនោះទេ។
លោកបន្តថាក្រោយចេញម៉ូតសក់បុរាណនេះលោកទទួលបានការ កោតសរសើរខ្លាំងពីអ្នកគាំទ្រពិសេសពីសំណាក់ក្រុមយុវវ័យ ហើយក៏មាននារីស្រស់សោភាជាច្រើនលួចសរសើរផងដែរ។
ស្របពេលដែលទីផ្សារការងារសិល្បៈស្ទុះឡើងនេះគេនៅមិនទាន់បានលឺដំណឹងស្នេហារបស់តារាសម្តែងមាឌធំនេះនៅឡើយ ខណៈដែលកន្លងមកគេមិនដែលលឺអ្នកសិល្បៈ និងលោករំលឹកពីរឿងរ៉ាវស្នេហានោះដែរ៕ វឌ្ឍនា