ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្វាយប៉ាក ឃាត់ខ្លួនបុរសម្នាក់ រួមជាមួយថ្នាំញៀន២០កញ្ចប់ កាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំក្រុម៥ ផ្លូវប្រឡាយភ្លោះ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ពេជ្រ សំអាត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះជួល ក្រុម៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ ។ ក្នុងនោះដែរសមត្ថកិច្ចដកហូតថ្នាំញៀន ប្រភេទម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន១៨កញ្ចប់តូច និង ២កញ្ចប់ធំ ។
សមត្ថកិច្ចបានបន្តថា កម្លាំងជំនាញកំពុងបន្តការស្រាវជ្រាវរកបក្ខពួកជនសង្ស័យមួយចំនួនទៀតដែលកំពុងគេចខ្លួន រីឯជនសង្ស័យជាអ្នកជួញដូរថ្នាំញៀនខាងលើត្រូវបាននគរបាលខណ្ឌឫស្សីកែវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕ អរុណរះ