ខេត្តកំពង់ឆ្នាំង ៖ សាកសពបុរសម្នាក់ដែលមានសភាពហើម រលួយទៅហើយនោះ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិប្រទះឃើញ អណ្តែតទឹកមកទើនៅមុខវត្តកំពង់ត្រឡាចក្រោម ស្ថិតក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងពេលដែលសមត្ថកិច្ចចេញ ល្បាត កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ។
សមត្ថកិច្ចឲ្យដឹងថា សាកសពដែលអណ្តែតមកដល់មុខវត្តកំពង់ត្រឡាចក្រោមនេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ នៅលើសាកសពនេះមានពាក់អាវដៃខ្លីពណ៌បៃតង ខោខៀវជើងវែង និង អំបោះក្រហមចងនៅដៃខាងឆ្វេង ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅពេលដែលកម្លាំងបានចុះល្បាតនៅតាមភូមិប្រជាពលរដ្ឋ ដែលស្ថិតនៅក្បែវត្តនោះ ក៍ប្រទះឃើញសពអណ្តែតទឹកនេះ ហូតាមខ្សែទឹកចុះទៅខាងក្រោម ពេលនោះសមត្ថកិច្ចបានចុះទៅអូសសពនេះយកមកដាក់នៅមាត់ច្រាំង មុខវត្តកំពង់ត្រឡាចក្រោម ដើម្បីធ្វើការពិនិត្យរកអត្តសញ្ញាណសព ដើម្បីស្វែងរកក្រុមគ្រួសារ ។ ប៉ុន្តែរហូតមដល់ពេលនេះសមត្ថកិច្ចនៅមិនទាន់បានស្គាល់អត្តសញ្ញាណសាកសពនៅឡើយនោះទេ ។
សមត្ថកិច្ចបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលបាត់សមាជិកគ្រួសារ អាចមកទំនាក់ទំនងបាននៅវត្តកំពង់ត្រឡាចក្រោម ឬ អាចមកអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ។
គួរបញ្ជាក់ថា កាលពីថ្ងៃទីកាលពីវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នៅភូមិកំពង់ខ្លាញ់ឃុំជលសារស្រុកជលគិរីខេត្តកំពង់ឆ្នាំងក៍បានប្រទះឃើញសាកសពអណ្តែតទឹកមួយផងដែរ ប៉ុន្តែបានស្គាល់អត្តសញ្ញាណដែលសាកសពនោះនៅខេត្តកណ្តាល ដែលបានបាត់ខ្លួនអស់រយៈពេល៧ថ្ងៃ ៕ ចន្ថា