ខេត្តកណ្ដាលៈ ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់កំពុងជិះម៉ូតូសុខៗ ត្រូវបានរថយន្តក្រឡុកបេតុងរបស់ក្រុមហ៊ុន យ៉ុង សៀង បើកកៀរនិងកិនពីលើ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ រហូតបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអន្លង់មៀតលិច ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ក្មេងប្រុសបាត់បង់ជីវិតនោះឈ្មោះ សុខ ស៊ីថៃ អាយុ១៥ឆ្នាំ មានទីលំនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Z-1092 ។ ចំណែកឯរថយន្ដបង្កម៉ាកហ្វូតុន ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 5A-0012 ជារថយន្ដក្រឡុកបេតុងរបស់ក្រុមហ៊ុន យ៉ុង សៀង បើកបរដោយឈ្មោះ ហៀង សំណាង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិពោធ៍ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ (ស្គាល់អត្ដសញ្ញាណពីក្រុមហ៊ុន) ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្ដក្រឡុកបេតុងខាងលើនេះ បើកបរតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុអ្នកបើកបរបានបើកបត់ស្ដាំចូលក្រុមហ៊ុន ខណៈនោះរថយន្ដបានកៀរម៉ូតូក្មេងប្រុសរងគ្រោះដែលកំពុងបើកស្របទិសគ្នា បណ្ដាលឲ្យម៉ូតូដួលបោកទៅលើផ្លូវធ្វើឲ្យក្មេងប្រុសរងគ្រោះខ្ទាតចូលក្រោមកង់រថយន្ដកិនស្លាប់យ៉ាងអណោចអធ័ម ។ ក្រោយពីមានហេតុការណ៍កើតឡើង អ្នកបើកបររថយន្ដបានបើកគេចចូលទៅក្នុងក្រុមហ៊ុន យ៉ុង សៀង រួចចុះគេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានបញ្ជូនយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកឯសាកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ