ព័ត៌មានទាន់ហេតុការណ៍៖

កាន់តែហ៊ាន ឈរចែកចាយថ្នាំញៀននៅមុខក្លិបមិតណាយ សមត្ថកិច្ចឃាត់ខ្លួនបាន២នាក់

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនខ្លួនកាលពីវេលាម៉ោង២ និង២០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីឆែកឆេររកឃើញថ្នាំញៀន៩កញ្ចប់ដែលគេ យកទៅចែកចាយនៅមុខក្លិបមិតណាយ។

ជនសង្ស័យដែលឃាត់ខ្លួនបាននេះមានឈ្មោះ ឃុន ពិសិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងឈ្មោះ ឈុន សីហា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិ ចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រៅពីឃាត់ខ្លួនជនសង្ស័យ២នាក់នេះសមត្ថកិច្ចដកហូតបាន ថ្នាំញៀនប្រភេទ ម្សៅក្រាមពណ៌សថ្លាចំនួន៩កញ្ចប់ក្នុងនោះមាន ១ធំកញ្ចប់ និងតូចចំនួន៨កញ្ចប់។

សមត្ថកិច្ចបន្តថា មុនឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះគឺ កម្លាំងនគរបាលផ្នែកអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានជិះម៉ូតូល្បាត ក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗកុំឲ្យកើតមានឡើង។លុះដល់ម៉ោងកើតហេតុត្រង់មុខ ក្លឹប មិតណាយ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ក៏ឃើញជនសង្ស័យទាំង២នាក់នេះ កំពុងនាំគ្នាឈរនៅមុខក្លឹបដើម្បីចែកចាយថ្នាំញៀនធ្វើឲ្យសមត្ថកិច្ចមានការសង្ស័យ ក៏បានឈប់ម៉ូតូដើម្បីធ្វើការត្រួតពិនិត្យនិងឆែកឆេរ លើខ្លួនប្រាណពួកគេស្រាប់តែ រកឃើញម្សៅក្រាមពណ៌សថ្លាចំនួន៩កញ្ចប់( ១ធំកញ្ចប់ និងតូច៨កញ្ចប់) ក៏បានឃាត់ខ្លួន តែម្តង។ បន្ទាប់មកសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យរួមនឹងវត្ថុតាង ទៅកាន់ផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរនាំនិងចាត់ការតាមច្បាប់ ៕ ប្រាថ្នា


ចែករំលែក៖