ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្លន់ម៉ូតូពីស្ត្រីមានផ្ទៃពោះម្នាក់ទាំងកណ្ដាលថ្ងៃ តែមិនសម្រេច ក្នុងមូលដ្ឋានសង្កាត់បឹងកក់១

ចែករំលែក៖

 

ភ្នំពេញ​ ៖​ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីស្រ្តីមានផ្ទៃពោះម្នាក់ បានស្រែកឆោឡោថាចោរប្លន់ម៉ូតូរបស់គាត់ ខណៈដែលគាត់ជិះម៉ូតូទៅយកកូនចេញពីសាលារៀន មកដល់កន្លែងស្ងាត់ត្រូវក្រុមចោរបាញ់ប្លន់យកម៉ូតូ តែមិនបានសម្រេច ​ក្រុមចោរក៏ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល​ ។

ករណីប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី​ ថ្ងៃទី១៤​ ខែសីហា​ ឆ្នាំ២០១៧​ នៅត្រង់ចំនុចក្បែរក្រុមហ៊ុនស្កាយ៣១​ ផ្លូវលេខ២៨៧​ ភូមិ១៣ សង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​ ។​

តាមប្រភពព័ត៌មានពីសាក្សីម្នាក់​ ឈ្មោះ​ ជា​ ហឿន​ ភេទប្រុស អាយុ៤៤​ ឆ្នាំ​ មុខរបរសន្តិសុខ​ ប្រចាំការនៅក្បែរនោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ គាត់បានឃើញក្រុមជនសង្ស័យជិះម៉ូតូ៣គ្រឿង ដោយមានគ្នា៥-៦នាក់​ យ៉ាងលឿន ភ្លាមនោះរូបគាត់ក៏រត់ចេញទៅមើល ស្រាប់តែឃើញស្រ្តីមានផ្ទៃពោះម្នាក់(ជនរងគ្រោះ)​ ស្រែកថាចោរៗដើម្បីឲ្យគេជួយអន្តរគមន៍ និងឃើញជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៥នាក់ បានដកកាំភ្លើងខ្លីមួយដើមបាញ់ឡើងទៅលើដើម្បីគំរាមជនរងគ្រោះ ប៉ុន្តែសំណាងល្អមិនផ្ទុះ ដោយបន្សល់ទុកគ្រាប់កាំភ្លើងមួយគ្រាប់មិនទាន់ផ្ទុះនៅនឹងកន្លែងកើតហេតុ​ រួចនាំគ្នារត់គេចខ្លួនបាត់ស្រមោលរួមទាំងយកម៉ូតូជនរងគ្រោះទៅបាត់តែម្តង ។

យោងតាមប្រភពពីស្រ្តីរងគ្រោះឈ្មោះ​ ឡាច​ វង្សសារ៉ាត់​ អាយុ៣៤ឆ្នាំ​ មុខរបរលក់ដូរ​ ផ្ទះជួលទួលសង្កែល​ សង្កាត់ទួលសង្កែល​ ខណ្ឌឬស្សីកែវ​ បានឲ្យដឹងដែរថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូគ្រឿងម៉ាក ហុងដា សេ125​ ស៊េរី2016​ ពណ៌ខ្មៅ​ ស្លាកលេខភ្នំពេញ​ 1FX 4778 ទៅយកកូនចេញពីរៀននៅសាលាសុវណ្ណភូមិ​(ក្បែរទីកន្លែងកើតហេតុ)​ ដោយធ្វើដំណើរតាមផ្លូវលេខ២៨៧ លុះជិះមកដល់ក្បែរក្រុមហ៊ុនស្កាយ៣១​ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកនិងស្លាកលេខ មកឈប់ពីមុខគាត់រួចស្រែកឲ្យគាត់ចុះពីលើម៉ូតូ ហើយគាត់ក៏ឆ្ងល់រួចបានដកសោរម៉ូតូយកមកទុកនិងស្រែកថាចោរៗ ភ្លាមនោះជនសង្ស័យបានដកកាំភ្លើងបាញ់ឡើងទៅលើ តែមិនអត់ផ្ទុះនោះទេ ដោយភ័យខ្លាចប្រជាពលរដ្ឋដេញចាប់នោះ ពួកជនសង្ស័យក៏ជិះចេញទៅបាត់ស្រមោល ដោយប្លន់មិនបានសម្រេច​ ។​

ក្រោយកើតហេតុសមត្ថកិច្ចព្រហ្មទណ្ឌរាជធានីភ្នំពេញ បានចុះសាកសួរភិនភាគជនសង្ស័យដើម្បីកំណត់មុខសញ្ញាចំណែកជនរងគ្រោះវិញបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ថិ៍នគរបាលបឹងកក់ទី១​ ដើម្បីធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាផងដែរ ៕ស តារា


ចែករំលែក៖