ខេត្តកណ្ដាលៈ ដើម្បីពង្រឹងការងាររដ្ឋបាលដល់កងកម្លាំងនគរបាលទាំង១១ស្រុក-ក្រុង ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានថ្លែងដូច្នេះថា ” នគរបាលគឺជាអ្នកបម្រើដាច់ថ្លៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជាកម្លាំងស្នូលដ៍សំខាន់ក្នុងការការពារបូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ ”
ប្រសាសន៍លើកឡើងក្នុងន័យដាស់តឿនក្រើនរំលឹក ដល់កងកម្លាំងនគរបាលឲ្យប្រកាន់ខ្ជាប់នូវ ក្រមសីលធម៍ សុជីវធម៍ និងសេចក្តីថ្លៃថ្នូ គោរពវិន័យជាកងកម្លាំងនគរបាលជាតិនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយទិសដៅសកម្មភាពឆមាសទី២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលកាលព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដ និងមានការចូលរួមពីលោក-លោកស្រីស្នងការរង ,លោកនាយ-នាយរងការិយាល័យជំនាញ ,លោកអធិការនគរបាលក្រុងស្រុកទាំង១១ និងលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១២៧ប៉ុស្ដិ៍ ។
យោងតាមរបាយការស្វាគមន៍របស់លោកឧត្ដមសេនីយ៍ត្រី ឈុន ស៊ីណាត ស្នងការរងនិងជាប្រធានសេនាធិការ បានបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០១៧នេះ បទល្មើសព្រហ្មទណ្ឌបានកើតមានឡើងចំនួន១៧៩ករណី លើ១៣៧ករណី កើនឡើង៤២ករណី ក្នុងនោះបទឧក្រិដ្ឋ២៣លើ២៥ករណី ថយចុះ២ករណី ។ ដោយឡែកបទមជ្ឈឹម ១៥៦លើ១១២ករណី កើនឡើង៤៤ករណី ។ ក្រោមការចង្អុលណែនាំរបស់ឯកឧត្ដម សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដកណ្ដាល ក្នុងឆមាសទី១ឆ្នាំ២០១៧នេះ សមត្ថកិច្ចនគរបាលបានបង្រ្កាបចំនួន១៦៣ករណី ចាប់ខ្លួនជនសង្ស័យ១៩៩នាក់ ដកហូតវត្ថុតាងម៉ូតូ២៥គ្រឿង ទូរស័ព្ទ១គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។
របាយការណ៍បានបង្ហាញទៀតថា ក្នុងត្រីមាសទី១ ឆ្នាំ២០១៧ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលតាមបណ្ដាស្រុក/ក្រុងទាំង១១ ធ្វើការបង្រ្កាបបទល្មើសគ្រឿងញៀនបានចំនួន២៥៨លើ៩៩ករណី ឃាត់ខ្លួនជនសង្ស័យ៤៣៥នាក់ ក្នុងនោះស្រី៣០នាក់ ជនជាតិខ្មែរ៤១៨នាក់ ជនជាតិវៀតណាម៦នាក់ និងជនជាតិខ្មែរឥស្លាមចំនួន១១នាក់ ។ក្នុងប្រតិបត្ដិការបង្រ្កបនេះដែរ សមត្ថកិច្ចបានចាប់យកវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន Ice ចំនួន១០៣៣កញ្ចប់ ស្មើនឹងទម្ងន់២៨៩,៦៨ក្រាម ,ថ្នាំញៀនWYចំនួន១៤គ្រាប់ ,រថយន្ដ២គ្រឿង ,ម៉ូតូ៦១គ្រឿង ,កង់១គ្រឿង ,ទូរស័ព្ទ២១១គ្រឿង ,សម្ភារៈវេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនជាច្រើនទៀត ។ ដោយឡែកករណីគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងចំនួន១៣០លើ៧៦ករណី បណ្ដាលឲ្យមនុស្ស៧៨នាក់ស្លាប់បាត់បង់ជីវិត ១៣៨នាក់ទៀតរងរបួសធ្ងន់ ខូចខាតរថយន្ដ៨០គ្រឿង ,ម៉ូតូ១៥៥គ្រឿង ,ម៉ូតូសណ្ដោងរ៉ឺម៉ក៧គ្រឿង និងកង់៥គ្រឿង ។
បន្ទាប់ពីស្ដាប់របាយការណ៍ស្វាគមន៍ និងបញ្ហាប្រឈមរបស់លោក-លោកស្រីស្នងការរង នាយ-នាយរងការិយាល័យ អធិការនគរបាលស្រុក/ក្រុង និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលរួចមក ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល បានឡើងមានមតិសំណេះសំណាលនិងផ្តាំផ្ញើឲ្យកម្លាំងនគរបាលទូទាំងខេត្តកណ្តាលត្រូវចាត់ទុកថាគឺជាអ្នកបម្រើដាច់ថ្លៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជាកម្លាំងស្នូលដ៍សំខាន់ក្នុងការងារពារបូរណៈភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ ដូច្នេះមន្រ្ដីនគរបាលត្រូវឧស្សាហ៍ចុះតាមមូលដ្ឋានជួបពួកគាត់ដល់ខ្នងផ្ទះ សួរនាំពួកគាត់ រកពីបញ្ហាប្រឈមនិងកង្វល់ក្នុងចិត្ដរបស់ពួកគាត់ ។ ក្នុងករណីពួកគាត់មានបញ្ហាប្រឈមឬកង្វល់អ្វីមួយត្រូវប្រញ៉ាប់ដោះស្រាយជូនពួកគាត់តាមលទ្ធភាពដែលខ្លួនមាន ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានមិនទាន់មានឯកសារប្រើប្រាស់ដូចជា៖ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្ដសញ្ញាណប័ណ្ណ ។ល។ នគរបាលត្រូវប្រញ៉ាប់បំពេញឯកសារធ្វើជូនពួកគាត់ ។
លោកស្នងការបានបន្តថា ពេលដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានមានទំនុកចិត្ដមកលើនគរបាលរឿងអ្វីក៏ពួកគាត់ហ៊ានរាយការណ៍ដែរ ។ ព័ត៌មានពីប្រជាពលរដ្ឋបង្កលក្ខណៈងាយស្រួលដល់នគរបាលក្នុងការក្ដាប់សភាពការណ៍បទល្មើស និងមុខសញ្ញាផ្សេងៗ ក្នុងមូលដ្ឋាន ។ ជាចុងក្រោយឯកឧត្ដម អ៊ាវ ចំរើន បានជំរុញដល់អស់លោកជានាយ-នាយរង អធិការនិងនាយប៉ុស្ដិ៍យកចិត្ដទុកដាក់ខិតខំប្រឹងប្រែងបន្ដពង្រឹងការងារប្រចាំបញ្ជា ព្រមទាំងពង្រឹងស្មារតីកងកម្លាំង ប្រមូលផ្ដុំធ្វើការបំប៉នហ្វឹកហាត់ រំលឹកមេរៀន បច្ចេកទេស ក្នុងការធានាសណ្ដាប់ធ្នាប់សង្គម និងឧបត្ថម្ភគាំទ្រការហូបចុក ស្នាក់នៅឲ្យបានសមរម្យដល់កងកម្លាំង ៕ ស្អាងជ័យ