ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីស្រវឹងជោកទាស់សំដីគ្នាទាយកាំបិតផ្គាក់កាប់ប្រហាររបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់ ខណៈដែលផឹកស៊ីស្រវឹងទាស់ពាក្យសំដីជាមួយជនសង្ស័យ ផឹកជាមួយគ្នា ក៏បានប្រើហិង្សាយកកាំបិតផ្គាក់កាប់យ៉ាងសន្ធាប់ កាលពីវេលាម៉ោង៥រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយជនសង្ស័យត្រូវបានឃាត់ខ្លួន។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះញឹប ហាន អាយុ១៨ឆ្នាំ រស់នៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ចំណែកជនរងគ្រោះមានឈ្មោះ គង់ ភារិន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កសិករ នៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកស្វាយទាប ខណៈរងរបួស(ត្រូវដៃស្ដាំចំនួន៣កាំបិត) ត្រូវបានដឹកមកកាន់មន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត និងឈ្មោះ គង់ សាបាន អាយុ ៣៥ឆ្នាំ មុខរបរកសិករ មានទីលំនៅជាមួយគ្នាដោយរងរបួស (ត្រូវក្បាលចំនួន១កាំបិត) សន្លប់ក្នុងថ្លុកឈាម។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ និងជនសង្ស័យអង្គុយផឹកស៊ីជាមួយគ្នា រហូតដល់ម៉ោង៥រសៀល ដោយម្នាក់ៗមានជាតិស្រវឹងនិយាយទាស់ពាក្យសំដីគ្នា ស្រាប់តែឃើញជនបង្កបានស្ទុះទៅទាញកាំបិតផ្គាក់ដេញកាប់ទៅលើជនរងគ្រោះទាំង២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាចោមរោមមើល និងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យតែម្ដង។

បច្ចុប្បន្ន្កជនសង្ស័យបានឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលដ្ឋបាលឃុំមនោរម្យ ដើម្បីកសាងសំណុំរឿងទៅអធិការនគរបាលស្រុកសកឲ្វាយទាបចាត់ការតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖