ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឈើគ្រញូងបុកមនុស្សស្លាប់២នាក់នៅខេត្តកំពង់ធំយប់មិញរកឃើញម្ចាស់ឈើហើយឈ្មោះ ចាន់ គឹមហ៊ឹម កូនប្រសារលោកស័ក្តិ៥ឈុត ពិរាជ

ចែករំលែក៖

 

ខេត្តកំពង់ធំ៖ រថយន្តដឹកឈើគ្រញូងម៉ាកឡិចស៊ីសមួយគ្រឿងបានបុកម៉ូតូកាលពីវេលាម៉ោង២០និង២០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចផ្លូវបំបែកជាបួនព្រៃតាហ៊ូក្តីដូង (ផ្លូវអាស៊ាន) ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បណ្តាលឲ្យជនរងគ្រោះពីរនាក់បានស្លាប់ ម្នាក់នៅក្នុងកន្លែងកើតហេតុផ្ទាល់ និងម្នាក់ទៀតបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

រថយន្តបង្កហេតុម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I 0730 ដឹកឈើគ្រញូងជាបទល្មើសពេញព្រៀប បើកបុកម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1E 4734 ខណៈបើកឆ្លងផ្លូវក្នុងទិសដៅពីលេចទៅកើត។

សមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា៖ អ្នកបើកបរម៉ូតូឈ្មោះ នឿន នេត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិពានត្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរួមដំណើរឈ្មោះ សឿប ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិពពឹង ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចាប់យករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។ ដោយឡែកសាកសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។

គួររំលឹកថា ពេលកើតហេតុអ្នកបើកបររត់គេខ្លួន ហើយគេក៏ពុំបានដឹងថា ឈើនេះជាឈើរបស់នរណាពិតប្រាកដនៅឡើយ ទើបនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ម្ចាស់ឈើគ្រញូងល្មើសច្បាប់នេះ ត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណច្បាស់ហើយគឺ ឈ្មោះ ចាន់ គឹមហ៊ឹម ត្រូវជាកូនប្រសារលោកស័ក្តិ៥ ឈុត ពិរាជ ដែលជាសមត្ថកិច្ចខេត្តកំពង់ធំ ហើយអ្នកដែលបានចេញមុខរត់ការឈើគ្រញូងនេះឈ្មោះ យឹម សោភណ្ឌ និងឈ្មោះ សុខា ជាមន្ត្រីនគរបាលសេដ្ឋកិច្ចខេត្ត និងឈ្មោះ យាំ ប៊ុនណា ពួកគាត់ក៏ជាអ្នកដាក់កុងត្រូលជជុះនៅចំណុចផ្លូវបំបែកនោះផងដែរ។

ប្រភពគួរឲ្យជឿទុកចិត្តបានឲ្យដឹងថា៖ រថយន្តជាមធ្យោបាយដឹកជញ្ជូនឈើគ្រញូងល្មើសច្បាប់បង្កហេតុបុកមនុស្សស្លាប់នេះគឺទើបនឹងយកចេញពីតុលាការខេត្តកំពង់ធំថ្មីៗ ហើយក៏យកមកដឹកឈើគ្រញូង ដូច្នេះគេពុំដឹងថា ចំណាត់ការរបស់សមត្ថកិច្ចធ្វើយ៉ាងណានោះទេដើម្បីនាំខ្លួនជនប្រព្រឹត្តបទល្មើសច្បាប់ ខណៈមុខសញ្ញាទាំងនេះសុទ្ធតែជាអ្នករត់ការយកលុយទៅបែងចែកឲ្យសមត្ថកិច្ចអាជ្ញាធរ និងជំនាញពាក់ព័ន្ធនោះ? គេបានបង្ហើបថា អ្វីដែលចម្លែកនោះត្រង់ថា រថយន្តបង្កហេតុដឹកឈើបុកមនុស្ស២នាក់ស្លាប់ មិនទាន់ដោះស្រាយតាមនីតិវិធីច្បាប់ផង បែរជាព្រឹកមិញនេះ នគរបាលចរាចរណ៍បានប្រគល់ឈើគ្រញូងទៅឲ្យខាងជំនាញរដ្ឋបាលព្រៃឈើសុទ្ធតែជាដំណើរការនីតិវិធីបញ្ចៀសការទទួលខុសត្រូវចំពោះមុខច្បាប់តែប៉ុណ្ណោះ។

គួររំលឹកថា ជនរងគ្រោះម្នាក់ដែលបានស្លាប់នេះ ក៏ជាកូនកំព្រាគ្មានឪពុកម្តាយ ហើយមានបងប្រុសបង្កើតរបស់ខ្លួន ក៏ធ្លាប់នៅនឹងវត្តលោកតាំងពីតូច ដែលបច្ចុប្បន្នបួសជាព្រះសង្ឃ សុទ្ធតែក្រក្សត់ ហើយខ្វះញាតិផៅសណ្តាន ទើបសមត្ថកិច្ចប្រហែលជាមិនស្វែងរកជនបង្កជាម្ចាស់ឈើនោះទេ ខណះឈ្មួញជាយោធា ជាអ្នកធ្លាប់ប្រើប្រាស់ថ្នាំញៀន និងផ្ទះសំណាក់មានលុយច្រើន នោះ៕ សុខ ខេមរា


ចែករំលែក៖