ខេត្តស្ទឹងត្រែងៈ នៅ វត្តសេរីវឌ្ឍនៈសុខរាម (ហៅវត្តកាំងមេម៉ាយ) នៅព្រឹកថ្ងៃទី១៦ ខែសីហា ស្ថិតក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង មានបើកវេទិកាពិគ្រោះយោបល់ មានសំណួរចម្លើយទាក់ទងទៅនឹងភូមិ ឃុំមានសុវត្ថិភាព៩ចំណុច ដោយមានលោកអភិបាលក្រុង និងក្រុមប្រឹក្សាក្រុងស្ទឹងត្រែង រួមនឹងលោកមេឃុំ ចៅសង្កាត់ ក្រុង និងមន្ត្រីពាក់ព័ន្ធក្នុងក្រុងមួយចំនួន អញ្ចើញចូលរួមត្រៀមបកស្រាយនូវចម្ងល់របស់ពលរដ្ឋ ទាក់ទងទៅនឹងភូមិ ឃុំមានសុវត្ថិភាព៩ចំណុចខាងលើ។
លោកសៀន ហាន ប្រជាពលរដ្ឋរស់នៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ បានលើកឡើងនូវប្រាំចំណុចធំៗ ទី១ គ្រឿងញៀន ២ ផ្លូវថ្នល់ ៣ សាលារៀន ៤សេវាសុខភាព ៥ ល្បែងស៊ីសងគ្រប់ប្រភេទ នាំឲ្យកើតមានអំពើហិង្សា និងនាំមកនូវអសន្តិសុខក្នុងសង្គម ដែលឲ្យពលរដ្ឋភ័យខ្លាចពេលកើតមានម្តងៗ។
លោកសុខ ចាន់សំអឿន អ្នកសម្របសម្រួលកម្មវិធី បានលើកឡើង និងបញ្ជាក់ប្រាប់ថាៈ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងឲ្យពលរដ្ឋស្វែងយល់អំពីរ ភូមិ ឃុំមានសុវត្ថិភាព៩ចំណុច និងសេវាសាធារណៈដើម្បីជាប្រយោជន៍ដល់សង្គម និងប្រទេសជាតិទាំងមូល និងបកស្រាយរាល់ចម្ងល់ទាក់ទងទៅនឹងអ្វីដែលពលរដ្ឋឆ្ងល់ទាក់ទងទៅនឹងសង្គមបច្ចប្បន្ន ត្រូវលុបបំបាត់ឲ្យអស់ ដូចជាក្មេងទំនើង អំពើហិង្សា សេព និងចែកចាយនូវសារធាតុញៀន ចោរលួចឆក់ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទនេះ ហើយជាមេរោគដ៏ធំជាងគេក្នុងសង្គមយើងបច្ចុប្បន្ននេះ និងសេវាសាធារណៈ បរិស្ថាន សុខភាពតាមទីសាធារណៈ ទីប្រជុំជន គឺផ្តើមឡើងពីយើងទាំងអស់គ្នា ជួយការពារ និងសំអាត អនាម័យ និងលុបបំបាត់ឲ្យអស់ បើមានអំពើចោរកម្ម អំពើហិង្សា ឬអសន្តិសុខផ្សេងៗនៅជិតផ្ទះបងប្អូន សូមឲ្យបងប្អូនរាយការណ៍ មកនគបាលប៉ុស្តិ៍ ឬប្រជាការពារភូមិដែលនៅជិតផ្ទះបងប្អូនបំផុត។
លោកបានបន្តទៀត បញ្ហាសំរាម វាគឺជាមេរោគមួយដ៍ធំជាងគេបើបងប្អូនយើង មិនចេះវិចខ្ចប់ឲ្យបានល្អដាក់ក្នុងធុងសំរាម ឬក៏ដាក់នៅមុខផ្ទះបងប្អូនឲ្យរថយន្តដឹកសំរាម គេនឹងទៅយក គ្រាន់តែបងប្អូនបង់ថ្លៃសេវាមួយខែតែ៤ពាន់រៀលតែប៉ុណ្ណោះ ហើយបងប្អូនយើងមិនបាច់ចំណាយពេលវេលា និងប្រេងសាំងយកមកចោលតាមទីសាធារណៈពាសវាលពាសកាល វានឹងជះក្លិនមិនល្អអាច ប៉ះពាល់សុខភាពយើងទាំងអស់គ្នា ហើយមិនល្អមើល និង ប៉ះពាល់សម្រស់ទីក្រុង និងខេត្តទៀតផង ៕ មាស សុផាត