ភ្នំពេញ ៖ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ CMAC បានលើកឡើងថា ក្នុងរយៈពេលជាង២០ ឆ្នាំ មន្ត្រីជំនាញ CMAC បោសសម្អាត និងកម្ទេចចោលនូវគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានជិត៤លានគ្រាប់ ដើម្បីធានាដល់ សេចក្តីសុខ និងសុវត្ថិភាពជូនប្រជាជន កម្ពុជា។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា នៅព្រឹកថ្ងៃ ទី១៧សីហា ឆ្នាំ២០១៧នេះ បានថ្លែងថា ក្រោយពីសង្គ្រាមជាង២០ឆ្នាំនេះ រាជរដ្ឋា ភិបាលកម្ពុជា និងCMAC ក្រោមការផ្តល់ជំនួយពីប្រទេសជាដៃគូនានាបានសម្រេចផែនការដោះ និងការរុករកគ្រាប់មីនគ្រប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅទូទាំងប្រទេស ដោយបានរំដោះផ្ទៃដីពីចម្ការមីនបានជាង១ពាន់គីឡូម៉ែត្រការ៉េប្រគល់ជូនពលរដ្ឋ ។
លោកបានបន្តថា សម្រាប់ផ្ទៃដីដែល នៅសេសសល់ ភាគច្រើននៅតាមព្រំដែន ថៃបន្សល់ពីសង្គ្រាមខ្មែរក្រហម និងភាគខាងកើតតាមដងទន្លេមេគង្គទម្លាក់ដោយសហរដ្ឋអាមេរិក។
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជាបានបញ្ជាក់ថា ក្រៅពី ជួយបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅក្នុងប្រទេសកម្ពុជា ក៏បាន បញ្ជូនអ្នកជំនាញដោះមីនក្រោមឆត្រអង្គការសហប្រជាជាតិ ដើម្បីចូលរួមដោះមីន នៅប្រទេសលីបង់ សូម៉ាលី ប្រទេសស៊ូដង់ ខាងត្បូង ឆាត អាហ្វ្រិកកណ្តាល និងស៊ីរី ជាដើម ៕ ហេង នរិន្ទ្រ